កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងរបស់ក្រុមហេសបូឡា នៅ ប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីពួកគេ បានបាញ់រ៉ុក្កែត ២៤គ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ដោយគំរាមកំហែងពង្រីកសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សាបច្ចុប្បន្ន។
ក្រុមហេសបូឡា ដែលបានទទួលខុសត្រូវចំពោះការវាយប្រហារដំបូងលើអ៊ីស្រាអែលភាគខាងត្បូង បាននិយាយថា សមាជិករបស់ខ្លួនពីរនាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនេះ។ ក្រុមនេះ បាននិយាយថា សមាជិក ១២១ នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។
រ៉ុក្កែតប្រហែល ២០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ចូលទៅក្នុងតំបន់ Shomera ប្រទេសអ៊ីស្រាអែលភាគខាងជើង រួមជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតបន្ថែម នៅតាមតំបន់ព្រំដែនផ្សេងទៀត។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនបាននិយាយថាតើមានអ្នកស្លាប់ ឬរបួសណាមួយ បណ្តាលមកពីការវាយប្រហាររបស់ក្រុមហេសបូឡា ឬអត់នោះទេ។
អ៊ីស្រាអែល បានឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះចម្បាំង ដែលបានកម្ទេចទីតាំងបាញ់គ្រាប់រ៉ុក្កែត អគារយោធា និងហេដ្ឋារចនាសម្ព័ន្ធហេបូឡា ដែលគេស្គាល់ផ្សេងទៀត។ គោលដៅមួយទៀតដែលមានមូលដ្ឋាន នៅលីបង់ ត្រូវបានវាយប្រហារដោយរថក្រោះ និងកាំភ្លើងធំ៕
