អាមេរិក ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ស្តីពីស្ថានភាពនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ។
លោក Biden និយាយថា លោកមាននូវការជជែកគ្នាយ៉ាងយូរជាមួយលោក Netanyahu នៅថ្ងៃនេះ ហើយវាគឺជាកិច្ចសន្ទនាឯកជន ។
ពេលចាកចេញពីមូលដ្ឋាន Camp David លោក Biden និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកពុំបានស្នើសុំលោក Netanyahu ឲ្យមានបទឈប់បាញ់នោះទេ ។
អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល នៅតែរក្សាការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល ខណៈបង្ហាញក្តីកង្វល់ពីកំណើនចំនួនគ្រោះថ្នាក់ ហើយនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ។
ការិយាល័យរបស់លោក Netanyahu និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មេដឹកនាំអ៊ីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងបន្តសង្រ្គាមរហូតដល់គោលដៅរបស់ខ្លួនសម្រេចបានទាំងស្រុង ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយកាលពីថ្ងៃសៅរ៍ថា ជនប៉ាឡេស្ទីនយ៉ាងហោច ២០១នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរយៈពេល ១១សប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កើនឡើងជាង ២ម៉ឺននាក់ ៕

