ភ្នំពេញ ៖ ជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្សនៅខណ្ឌទួលគោក ត្រូវបាននគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ម្សិលមិញនេះ ជនបើករថយន្តបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវបានអាណាព្យាបាលនាំខ្លួនចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូន នគរបាលនៃស្នងការដ្ឋាននគរបាលជំនាញ ដើម្បីធ្វើការសាកសួរនាំដោយផ្ទាល់តាមនីតិវិធី ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្តនៅមានល្បឿនបានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់ ៕ អត្ថបទ ៖ កុម្ភៈ




