
ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា កើនឡើងត្រឹមម៉ោងនេះ។ សម្ពាធអន្តរជាតិលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កើនឡើងជាលំដាប់។ ចំណែកប្រជាជន អ៊ីស្រាអែលធម្មតា សម្តែងការមិនពេញចិត្តកាន់តែខ្លំាងឡើងចំពោះទិសដៅនៃសង្រ្គាមដ៏សាហាវបំផុត ដែលនៅតែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
ប៉ុន្តែនៅពេលដែលឆ្នាំនេះ ជិតផុតហើយនោះ វាមិនច្បាស់ទេថាតើការរួមផ្សំនៃកត្តានានា នឹងបង្ខំឲ្យមានការផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធ ដែលនាំឲ្យបាត់បង់មនុស្សដ៏ធំសម្បើម បំផ្លាញការគាំទ្ររបស់សហរដ្ឋអាមេរិកជុំវិញពិភពលោក និងគំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតអាមេរិក នៅរដូវស្លឹកឈើជ្រុះក្រោយ។
ចំនួនអ្នកស្លាប់ នៅហ្កាហ្សា កាន់តែធ្ងន់ធ្ងរឡើង ដោយយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមសម័យទំនើប បានឈានដល់ដំណាក់កាលដ៏ក្រៀមក្រំមួយ កាលពីថ្ងៃសុក្រ ដោយលើសពី ២០.០០០នាក់។ អង្គការសហប្រជាជាតិ បាននិយាយថា ប្រហែល ២ភាគ៣នៃប្រជាជនប៉ាឡេ ស្ទីនដែលត្រូវបានសម្លាប់ គឺជាស្ត្រី និងកុមារ។
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការបង្ហូរឈាមរបស់ខ្លួន ដើម្បីលុបបំបាត់ក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះ វាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់ ដែលភាគច្រើន នៅជាប់ឃុំ ក្នុងតំបន់ហ្កាហ្សានៅឡើយ។