
លោក James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូ បានចេញសេចក្តីអំពាវនាវថ្ងៃឈប់សម្រាកសុំឲ្យបង្កើនជំនួយដល់ប្រទេសអ៊ុយក្រែន ដោយសម្តែងការព្រួយបារម្ភ និងបង្ហាញពីបុព្វ ហេតុរបស់ប្រទេសនេះថា ជារឿងត្រឹមត្រូវ នេះបើយោងតាមសារព័ត៌មាន The Hill។
លោក Stavridis បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធីវិទ្យុ «Cats Roundtable» ដែលរៀបចំដោយ លោកJohn Catsimatidis កាលពីថ្ងៃទី២៤ខែធ្នូថា៖«វាជាស្ថានភាពដ៏គ្រោះថ្នាក់ ហើយនៅទីនេះ សកម្មភាពពិត គឺមិនមែន នៅក្នុងទីក្រុងគីវទេ។ សកម្មភាពពិត គឺនៅទីក្រុងវ៉ាស៊ីនតោន»។ ពួកយើងត្រូវតែផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ បុព្វហេតុរបស់ពួកគេ គឺត្រឹមត្រូវ»។
សហរដ្ឋអាមេរិក បានបញ្ជូនអាវុធ បរិក្ខារ ជំនួយមនុស្សធម៌ និងជំនួយផ្សេងទៀតចំនួន ១១១ ពាន់លានដុល្លារដល់អ៊ុយក្រែនរួចហើយ ចាប់តាំងពីមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជាង ២១ ខែកន្លងទៅ។
លោក Stavridis បានបញ្ជាក់បន្ថែមទៀតថា ពាក់កណ្តាលនៃកងទ័ពរុស្ស៊ី បានបាត់បង់សមត្ថភាពដោយមិនបាត់បង់ ឬគ្រោះថ្នាក់ដល់ទាហានអាមេរិកណាមួយឡើយ ដោយសង្កត់ធ្ងន់ថា សមិទ្ធិផលនេះ ត្រូវបានសម្រេចដោយការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ដែលស្មើនឹងត្រឹមតែ ៥ភាគរយនៃថវិកាការពារជាតិប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក។