
ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានមើលឃើញស្រទាប់យ៉ាងក្រាស់របស់អ័ព្ទចុះ និងអាកាសធាតុត្រជាក់ខ្លាំង ពេលដែលស្ថានភាពចុះអ័ព្ទបែបនេះ បានកាត់បន្ថយរយៈចម្ងាយមើលឃើញ និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ស្ថានភាពបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាអង្គុយនៅមុខភ្លើង ស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗ ដើម្បីធ្វើឲ្យពួកគេកក់ក្តៅ ។
ស្របពេលដែលអាកាសធាតុរដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ ស្រាលជាងនៅអឺរ៉ុប ពេលខ្លះអាកាសធាតុបែបនេះ អាចបណ្តាលឲ្យមនុស្សស្លាប់បានដែរ ដោយសារតែមនុស្សរាប់ម៉ឺននាក់ គ្មានផ្ទះសម្បែងរស់នៅ ឬរស់នៅក្នុងខ្ទមដោយគ្មានកម្តៅ ។
លោក Harpreetគឺជាពលរដ្ឋមួយរូបរស់នៅក្នុងរដ្ឋ Punjab និយាយថា វាពិតជាអ័ព្ទចុះខ្លាំងណាស់ ដែលធ្វើឲ្យពួកយើងមើលមិនឃើញមនុស្ស សូម្បីតែនៅជិតគ្នា ហើយនិងរថយន្ត មិនដឹងវាមានកង់ ២ កង់ ៣ ឬកង់ ៤នោះទេ ហើយអ្នកបើកបរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីដល់គោលដៅរបស់ពួកគេ ៕