ក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល ដែលក្រុមហាម៉ាសបានចាប់ខ្លួន បានប្រមូលផ្តុំគ្នានៅច្រកទ្វារសំខាន់នៃក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ដើម្បីរង់ចាំគណៈរដ្ឋមន្ត្រីសន្តិសុខក្នុងក្តីសង្ឃឹមថានឹងបញ្ឈប់រថយន្តរបស់ពួកគេ ហើយអង្វរសុំឲ្យជួយសង្រ្គោះមនុស្សជាទីស្រលាញ់របស់ខ្លួន បន្ទាប់ពីដឹងថាក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាបថ្នូរ។

ក្រុមបាតុករបានដាក់នាឡិកាដីខ្សាច់ដែលសន្មត់ថាពេលវេលាកំពុងជិតអស់សម្រាប់ចំណាប់ថ្នូរម្នាក់ៗដែលស្ថិតនៅក្នុងការចាប់ខ្លួនរបស់ក្រុមហាម៉ាស។
ក្រុមបាតុករបាននិយាយថា «យើងនឹងប្រាប់លោកនាយករដ្ឋមន្ត្រីថា លោកជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃទី០៧ ខែតុលា ហើយលោកត្រូវតែនាំចំណាប់ថ្នូរត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខណៈដែលក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាប់ថ្នូរនេះ ពួកយើងចង់ដឹងថាតើអ៊ីស្រាអែលមានផែនការអ្វីបន្ទាប់ទៀត»។

ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមសម្ព័ន្ធមិត្ត ជីហាត ដែលក្រុមទាំងពីរបានស្បថថាមិនអត់ឱនចំពោះការបំផ្លាញរបស់អ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលពួកគេចាប់បានក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ឆ្លងកាត់ទីប្រជុំជនអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់តំបន់ហ៊ុមព័ទ្ធមួយនេះ។ យោងតាមក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា មនុស្សជិត ២០.៧០០នាក់ ត្រូវបានសម្លាប់រួមទាំងមនុស្ស ២៥០នាក់ស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕