
អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារ (២៦ ធ្នូ) នេះថាកោះតៃវ៉ាន់មិនបានឃើញសញ្ញាណាមួយនៃសកម្មភាពយោធាចិន ទ្រង់ទ្រាយធំនៅមុនការបោះឆ្នោតនៅខែក្រោយនោះទេ ប៉ុន្តែកំពុងរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើប្រទេសចិន។
ការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះរបស់កោះតៃវ៉ាន់ នឹងបង្ហាញពីទំនាក់ទំនងរបស់កោះមួយនេះជាមួយទីក្រុងប៉េកាំង ដែលក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ បានបង្កើនសម្ពាធយោធាដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
អ្នកនាំពាក្យអាជ្ញាធរការពារជាតិតៃវ៉ាន់ លោក ស៊ុន លីហ្វាង (Sun Li-fang) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិថា «រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញសញ្ញាថាពួកគេកំពុងធ្វើសកម្មភាពអ្វីធំដុំនោះទេ ក៏ប៉ុន្តែគ្មានអ្វីនៅថ្ងៃនេះ មិនមែនមានន័យថានឹងគ្មានអ្វីកើតឡើងនៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់នោះទេ»។
នៅពេលដែលការបោះឆ្នោតខិតជិតមកដល់ កោះតៃវ៉ាន់ បាននិងកំពុងរាយការណ៍ថាមានយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិននៅជុំវិញកោះ ក៏ដូចជាបាឡុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ទោះបីជាយោធានិយាយថា បាឡុងទាំងនោះទំនងជាសម្រាប់គោលបំណងត្រួតពិនិត្យអាកាសធាតុក៏ដោយ៕