
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Nebraska ភ្ញាក់ឡើងមើលឃើញព្រិលសក្បុសនៅថ្ងៃបុណ្យណូអែលកាលពីថ្ងៃចន្ទ ក្រោយព្យុះរដូវរងារ នាំមកនូវព្យុះទឹកកក និងព្រិលកម្រាស់ច្រើនសង់ទីម៉ែត្រ ធ្វើឲ្យកើតមានស្ថានភាពព្យុះព្រិល ចាប់ពីរដ្ឋភាគកណ្តាល South Dakota រហូតដល់រដ្ឋ Nebraska សហរដ្ឋអាមេរិក ។
តំបន់ភាគកណ្តាល និងភាគពាយ័ព្យរដ្ឋ Nebraskaស្ថិតក្រោមការព្រមានពីព្យុះព្រិល ហើយនិងសេចក្តីណែនាំពីអាកាសធាតុរដូវរងាត្រជាក់ខ្លាំង បន្តចូលជាធរមាននៅទូទាំងតំបន់រហូតដល់វេលាម៉ោង ៩យប់ ម៉ោងក្នុងស្រុក ។
មន្ទីរឧតុនិយមជាតិសហរដ្ឋអាមេរិក បានព្យាករណ៍ពីសន្ទុះខ្យល់បក់ ៥៦គ.មក្នុង១ម៉ោង និងព្រិលបន្ថែមទៀត នឹងបន្តធ្លាក់ ហើយពួកគេ បានព្រមានអ្នកស្រុកថា ការធ្លាក់ព្រិលខ្លាំង នឹងកាត់បន្ថយរយៈចម្ងាយមើលឃើញ និងបណ្តាលឲ្យកើតមានព្រិលសក្បុសធ្លាក់ពាសពេញដងផ្លូវនៅទូទាំងរដ្ឋ ។
ស្ថានភាពស្រដៀងគ្នានេះដែរ បានកើតមាននៅប្រទេសអូស្រ្តាលីកាលពីថ្ងៃអាទិត្យ រយៈពេល១ថ្ងៃមុនថ្ងៃប្រារព្ធពិធីបុណ្យណូអែល ។
ព្យុះព្រិល បណ្តាលឲ្យបែកកញ្ចក់បង្អួចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើននៅភាគកណ្តាលរដ្ឋ New South Wales ប្រទេសអូស្រ្តាលី អំឡុងពេលរៀបចំពិធីបុណ្យណូអែល ខណៈដែលភ្លៀងផ្គរន្ទះ បានបោកបក់ឆ្ពោះទៅទិសខាងកើតនៅរសៀលថ្ងៃចន្ទនេះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងស៊ីដនី និងធ្វើមានស្ថានភាពរលកបោកបក់ខ្លាំង មុនការប្រណាំងទូកពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុង Hobart ។
ប្រជាពលរដ្ឋ បានរាយការណ៍ពីការបែកកញ្ចក់បង្អួច និងកញ្ចក់រថយន្ត ក្រោយព្យុះបង្កឲ្យមានព្រិលធ្លាក់កម្រាស់ ៥សង់ទីម៉ែត្រ នៅតំបន់ Central Tablelands ៕