រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃអង្គារបានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសទាំងយប់របស់សហរដ្ឋអាមេរិក លើមូលដ្ឋានយោធារបស់ប្រទេសអ៊ីរ៉ាក់ដែលខ្លួនបាននិយាយថាបានសម្លាប់ទាហានម្នាក់និង ១៨នាក់ផ្សេងទៀតបានរបួស ដោយហៅការវាយប្រហារទាំងនោះថាជា អំពើអរិភាពយ៉ាងច្បាស់។

សហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកតាមអាកាស កាលពីថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន កាលពីព្រឹកមិញ នៅថ្ងៃចន្ទដដែលនោះ ពីសំណាក់ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឱ្យសមាជិកកងទ័ពអាមេរិកម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល។

សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា រដ្ឋាភិបាលបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាជា ការរំលោភបំពានមិនអាចទទួលយកបាន លើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ស្របពេល សង្កត់ធ្ងន់ថា ការវាយប្រហារដោយក្រុមប្រដាប់អាវុធដាក់គោលដៅលើមូលដ្ឋានយោធាដែលមានទីប្រឹក្សាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក គឺជាទង្វើអរិភាព និងរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់។
ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបាននិយាយថា ការវាយប្រហារតាមអាកាសទាំងយប់ជ្រៅរបស់សហរដ្ឋអាមេរិក បានដាក់គោលដៅលើទីស្នាក់ការកណ្តាលសម្រាប់ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ កាថេបហេសូឡា(Kataib Hezbollah) ក្នុងទីក្រុង ហ៊ីឡា (Hilla) ភាគខាងត្បូងនៃទីក្រុងបាកដាដ(Baghdad )របស់ប្រទេសអ៊ីរ៉ាក់។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក មានកងទ័ពចំនួន៩០០នាក់ នៅក្នុងប្រទេសស៊ីរី និង២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ សម្រាប់បេសកកម្ម ដែលខ្លួននិយាយថា ក្នុងបំណងផ្ដល់ការប្រឹក្សា និងទប់ទល់កងកម្លាំងក្នុងតំបន់ដែលព្យាយាមទប់ស្កាត់ការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលបានដណ្ដើមទឹកដីយ៉ាងច្រើនកាលពីឆ្នាំ២០១៤ នៃប្រទេសទាំង២ មុនពេលក្រុមនោះត្រូវបានបោសសម្អាត៕