នគរបាលអូស្ត្រាលី បាននិយាយថា មនុស្សយ៉ាងហោចណាស់៨ នាក់ បានស្លាប់ និងម្នាក់ ផ្សេងទៀត នៅតែបន្តបាត់ខ្លួន បន្ទាប់ពីព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ បានវាយប្រហារបណ្ដារដ្ឋនៅភាគខាងកើតរបស់ប្រទេសអូស្ត្រាលី អំឡុងថ្ងៃបុណ្យណូអែល ស្របពេលលំនៅឋានរាប់ម៉ឺនខ្នងនៅតែពុំទាន់មានអគ្គិសនីប្រើប្រាស់ នៅឡើយនៅក្នុងរដ្ឋឃ្វីនលែន (Queensland)។

នគរបាលរដ្ឋ វីកតូរីយ៉ា (Victoria) និងឃ្វីនលែន បានបញ្ជាក់ពីការស្លាប់មនុស្សចំនួន៨នាក់ ជនរងគ្រោះក្មេងជាងគេបំផុត គឺជាក្មេងស្រីម្នាក់ មានអាយុ៩ឆ្នាំ ដែលសារព័ត៌មានក្នុងស្រុក បានរាយការណ៍ក្មេងស្រីរងគ្រោះត្រូវទឹកហូរគួចនាំចូលក្នុងលូតាមទឹកជំនន់។

នគរបាលនៅតែបន្តស្វែងរកមនុស្សម្នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន នៅថ្ងៃពុធនេះ បន្ទាប់ពីទូក ដែលពួកគេកំពុងជិះ បានលិចនៅភាគខាងត្បូងកោះគ្រីន (Green Island) ជិតទីក្រុង ប្រ៊ីសបាន (Brisbane)ក្នុងរដ្ឋឃ្វីនលែន ។ នគរបាល ក៏កំពុងតាមរក ស្រ្តីចំណាស់ម្នាក់ ដែលត្រូវបានជាប់ក្នុងទឹកជំនន់ នៅភាគខាងជើងទីក្រុង ប្រ៊ីសបាន ក្នុងតំបន់ជីមផាយ(Gympie)ផងដែរ។
ព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ បានវាយប្រហារលើរដ្ឋនានាភាគខាងកើត កាលពីថ្ងៃទី២៥ និង២៦ខែធ្នូ ដែលនាំមកនូវដុំទឹកកកធំៗ ខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង។ ទន្លេនានាត្រូវបានពេញហៀរដោយទឹកជំនន់ ហើយខ្យល់ខ្លាំងបានបោកបក់បំប៉ើងដំបូលផ្ទះ និងផ្ដួលរម្លើងដើមឈើនៅក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយចំនួន៕