បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេសរបស់ Everton, Dominic Calvert-Lewin ត្រូវបានគេដឹងថា កំពុងមានការចាប់អារម្មណ៍ក្នុងការផ្ទេរ ទៅកាន់ទឹកដីអេស្ប៉ាញជាមួយក្លិបយក្ស Real Madrid ដែលស្ថិតក្រោមការដឹកនាំរបស់លោក Carlo Ancelotti។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់របស់ Everton ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នៅ Goodison Park ខណៈនៅពេលនេះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ក៏នៅតែចង់បន្តធ្វើការជាមួយកីឡាករអង់គ្លេសរូបនេះទៀតនៅ Real Madrid។ បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញមួយអោយដឹងថា Real Madrid គ្រោងចាយលុយ ៥០ លានផោនដើម្បីនាំយកកីឡាករវ័យ ២៤ឆ្នាំរូបនេះមកកាន់ទឹកដីអេស្ប៉ាញ។
Calvert-Lewin រកបាន ៣៦គ្រាប់ក្នុងរយៈពេល ២រដូវកាលជាមួយ Everton ដែលក្នុងនោះភាគច្រើនគឺក្រោមការដឹកនាំរបស់លោក Ancelotti ដែលធ្វើអោយគេត្រូវបានកោះហៅចូលក្រុមជំរើសជាតិ និងមានមុខនៅ Euro ២០២០ នៅពេលនេះ។ Calvert-Lewin ត្រូវបានកោះហៅចូលក្រុមអង់គ្លេសតាំងពីឆ្នាំមុន បង្ហាញខ្លួនសរុបបាន ១០លើករកបាន ៣គ្រាប់៕
អត្ថបទ៖នាង សុភាវុធ