ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យ លោក នីរាជ កុមារ ( NIRAJ KUMA R ) ប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា នឹងគណៈប្រតិភូឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោក នីរាជ កុមារ ( NIRAJ KUMA R ) បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពីគោលបំណងសំខាន់ស្តីពី ការសិក្សា និងពិភាក្សាជុំវិញ ពិធីធម្មយាត្រាដង្ហែព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ដែលដង្ហែពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកប្រទេសកម្ពុជា ក្នុងពេលខាងមុខ។ បន្ទាប់ពីមកដល់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់នាំជំនាញរបស់ក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរដោយក្នុងនោះរួមមាន៖
១.ពិធីការរៀបចំទទួលព្រះបរមសារីរិកធាតុតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
២.កាលបរិច្ឆេទនៃការប្រគល់-ទទួលព្រះបរមសារីរិកធាតុ និងការអញ្ជើញជាអធិបតីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ ៣.កំណត់ទីតាំងសំចតនិងទីកន្លែងតម្កល់ព្រះបរមសារីរិកធាតុសម្រាប់ជូនពុទ្ធបរិស័ទគោរពនិងធ្វើពិធីសក្ការៈបូជា។
៤.វិធានការរក្សាសន្តិសុខដែលត្រូវអនុវត្តសម្រាប់ការដង្ហែរ
តម្កល់ និងលក្ខណៈពិសេសសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការការពារ និងថែរក្សាវត្ថុសក្ត័សិទ្ធិសាសនានៃព្រះបរមសារីរិកធាតុ។
៥.ការធានារ៉ាប់រងនៃព្រះបរមសារីរិកធាតុក្នុងអំឡុងពេលដំណើរការទាំងមូលនៃការប្រគល់ និងការតម្កល់សម្រាប់ធ្វើសក្ការៈបូជានៅប្រទេសមម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមស្វាគមន៏យ៉ាងកក់ក្តៅចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ដែលដង្ហែពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកតាមរយៈនេះ ឯកឧត្តម ចាយ បូរិន បានស្នើដល់គណៈប្រតិភូឥណ្ឌា ចេញនៅលិខិតច្បាស់លាស់មួយ សម្រាប់ឯកឧត្តមពិនិត្យមុន និងជម្រាបសុំគោលការណ៍អនុវត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីពេលវេលាច្បាស់លាស់ណាមួយ ដើម្បីឲ្យពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ដែលដង្ហែពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃមកប្រទេសកម្ពុជាក្នុងពេលខាងមុខ បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ៕ អត្ថបទ៖ រដ្ឋា






