
ឆន្ទៈផ្សងគ្រោះថ្នាក់នៅក្នុងទីផ្សារពិភពលោក បានធ្វើឲ្យតម្លៃប្រាក់អឺរ៉ូខ្ពស់ជាងប្រាក់ដុល្លារក្នុងរយៈពេលជាង ៤ខែនៅថ្ងៃពុធនេះ ខណៈដែលតម្លៃប្រេងធ្លាក់ចុះ ពេលក្រុមហ៊ុនដឹកជញ្ជូនធំៗ វិលត្រឡប់មកកាន់សមុទ្រក្រហមវិញ ដែលជាដែនសមុទ្រជម្លោះ ក្រោយក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន ចាប់ផ្តើមវាយប្រហារមកលើគោលដៅនាវាកាលពីដើមខែនេះ ។
ក្រុមហ៊ុនដឹកជញ្ជូនដាណឺម៉ាក Maersk និយាយកាលពីថ្ងៃទី ២៤ ខែធ្នូថា ពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញប្រតិបត្តិការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រអាដែន ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បានបង្កើនការវាយប្រហាររបស់ខ្លួនលើនាវានៅក្នុងសមុទ្រក្រហម ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន ដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
ការវាយប្រហារនេះ បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បង្វែរទិសដៅផ្លូវនាវារបស់ពួកគេកាលពីដើមខែធ្នូនេះ ៕