
នៅថ្ងៃពុធនេះ ក្រុមនិស្សិតឥណ្ឌូនេស៊ី បានវាយប្រហារជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកពីសហភាពមីយ៉ាន់ម៉ានៅក្នុងទីក្រុង Banda Aceh ខេត្តអាឆេ ទាមទារឲ្យនិរទេសពួកគេចេញពីប្រទេស ។
អ្នកនាំពាក្យនគរបាលក្រុង Banda Aceh ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ ។
រូបភាពវីដេអូឃ្លីប ឃើញក្រុមអ្នកនិស្សិត ដែលភាគច្រើននៃពួកគេពាក់អាវធំពណ៌បៃតងនោះ បានរត់សំដៅទៅកាន់បន្ទប់ក្រោមដី ជាកន្លែងដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មានទាំងបុរស ស្រ្តី និងកូនក្មេង អង្គុយលើឥដ្ឋ និងស្រែកយំទាំងការភ័យខ្លាច ។
ក្រោយមក ជនជាតិរ៉ូហ៊ីងយ៉ាងទាំងនេះ ត្រូវបាននាំចេញដោយក្រុមអាជ្ញាធរ ដោយពួកគេមួយចំនួនមានកាន់ទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅក្នុងថង់ប្លាស្ទិក និងនាំឡើងជិះរថយន្តដឹកពួកគេទៅកាន់ទីជម្រកជម្រើសផ្សេង ស្របពេលដែលក្រុមបាតុករសំឡឹងមើលពួកគេ ។
សូមបញ្ជាក់ថា ជនមូស្លីមរ៉ូហ៊ីងយ៉ាង បានជួបអរិភាព និងការបដិសេធន៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាកន្លែងសហគមន៍ក្នុងស្រុកនិយាយថា ពួកគេធុញទ្រាន់ការកើនឡើងចំនួនទូកដឹកជនជាតិភាគតិចមួយនេះ មកកាន់តំបន់ឆ្នេររបស់ពួកគេ ៕