
ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) បាននិយាយថា ខ្លួននឹងមិនធ្វើជាមិនដឹងមិនឮ ចំពោះ «ការបង្កហេតុ និងការរុកកួនរំខាន» ម្តងហើយម្តងទៀតរបស់ហ្វីលីពីននោះឡើយ ចំពេលភាពតានតឹង កើនឡើងកាន់តែខ្លាំង ជុំវិញជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។
នៅឯសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា ឆ្មាំល្បាតសមុទ្រចិន បានចាត់វិធានការអនុវត្តចាំបាច់ ដោយត្រឹមត្រូវ និងស្របច្បាប់។
ដោយហៅការចោទប្រកាន់នេះថា ជា «ការបំផ្លើសមិនពិតទាំងស្រុង» លោក Wu បាននិយាយថា ភាគីហ្វីលីពីន បានទទូចបញ្ជូននាវា «ចូលទៅក្នុង» ដែនទឹកនៅតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះ ហើយ «បុកទាំងកំរោលជាមុន» លើនាវាឆ្មាំល្បាតសមុទ្ររបស់ចិន។
នៅដើមខែនេះ ទីក្រុងម៉ានីល បានចោទប្រកាន់ឆ្មាំល្បតាឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្រចិនថា បានប្រើបាញ់កាណុងបាញ់ទឹកម្តងហើយម្តងទៀតដាក់ទូកដឹកសម្ភារផ្គត់ផ្គង់របស់ខ្លួន ដែលបណ្តាលឲ្យទូក ១គ្រឿង «ខូចខាតម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ» ហើយបុកទូក ១គ្រឿងទៀត «ដោយចេតនា»។
គួរបញ្ជាក់ដែរថា ទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២ បានជួបប្រទះនឹងភាពអាប់អួ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដោយទីក្រុងម៉ានីលបានងាកទៅរកសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងជម្លោះដែនសមុទ្រជាមួយចិន៕