ឆ្លើយតបទៅកាន់ក្រុមប្រឆាំងមួយចំនួនដែលរិះគន់ នៃការសាងសង់វិមាន ឈ្នះ ឈ្នះ នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះ ឈ្នះ គឺសាងសង់ឡើងបង្ហាញជានិមិត្តរូបនៃកូនខ្មែរគ្រប់រូប និងធ្វើឡើងក៏ដើម្បីជានិមិត្តរូបនៃសុខសន្តិភាពរបស់កម្ពុជាទាំងមូលផងដែរ មិនមែនធ្វើឡើងដើម្បីតែលើកតម្កើងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ ។

នៅក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចង់ចាំនូវតម្លៃនៃសន្តិភាព តថភាពពិតប្រាកដរបស់កម្ពុជា។ មួយវិញទៀតវិមានជាប្រវត្តិសាស្រ្តមួយនេះក៏នឹងផ្ទុកនូវរាល់ប្រវត្តិសាស្រ្ត ពិតប្រាកដរបស់ក្រុមប្រតិបត្តិករ ដែលបាននាំឲ្យកម្ពុជាមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះផងដែរ។
សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ៕អត្ថបទបាន ចក់