សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះគឺទទួលបានផលលាភទាំងអស់គ្មា មិនថាក្រុមអ្នករិះគន់ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះឡើយ ខណៈនយោបាយឈ្នះ ឈ្នះ នេះគឺជាការទុកចិត្តលើសម្តេចតេជោ ដែលជាស្ថាបនិកនៃនយោបាយមួយនេះ។
ឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយ ឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីគ្រប់ប្រតិបត្តិករ រួមទាំងប្រជាពលរដ្ឋផងដែរ។
សម្តេចធិបតី បានបន្ថែមថា គ្រប់ភាគីជម្លោះ ជាពិសេសភាគីខ្មែរក្រហម បានកាន់ទ័ពរាប់ពាន់នាក់ និងមានប្រជាជនរាប់ម៉ឺននាក់នៅក្នុងដៃ ដែលស្ថិតនៅក្នុងតំបន់ត្រួតត្រា រួមទាំងមានសព្វាវុធគ្រប់ប្រភេទនៅតាមបណ្ដោយព្រំដែន តើចាំបាច់អ្វីដែលត្រូវពួកគេបោះបង់ចោល ហើយមកចូលរួមជាមួយរាជរដ្ឋាភិបាលនាគ្រានោះ។
ចំពោះន័យនេះ សម្ដេចធិបតី បានរំលឹកថា បើមិនមានការជឿទុកចិត្តលើអ្នកធានា ពិសេសតួអង្គសម្ដេចតេជោ ដែលជាអ្នកធានាផ្ទាល់នោះទេ ក៏ភាគីទាំងនោះមិនបញ្ចប់ជម្លោះខ្មែរនិងខ្មែរដែរ ដូច្នេះហើយ ភាពជឿទុកចិត្តជាកត្តាដ៏សំខាន់ណាស់ ដែលជាកត្តាគន្លឹះមួយធ្វើឱ្យនយោបាយឈ្នះឈ្នះ ជោគជ័យ ហើយយើងទាំងអស់គ្នាបានទទួលផលមករហូតដល់សព្វថ្ងៃនេះ។
សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា នយោបាយឈ្នះឈ្នះ ជោគជ័យគឺការបង្កើតការជឿទុកចិត្ត មិនមែននៅលើប្រដាសទេ វាបានកើតឡើងនៅលើដីតែម្ដង គឺការសមាហរណកម្ម និងការអភិវឌ្ឍដោយរាជរដ្ឋាភិបាលមិនយកទោសពៃ ហើយការធានាគ្រប់បែបយ៉ាងសម្រាប់ភាគីទាំងនោះ ជាពិសេសគឺភាគីខ្មែរក្រហម។
មួយវិញទៀតនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ វាថែមទាំងរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង៕អត្ថបទបាន ចក់