ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ឥឡូវនេះបានកើនឡើងលើសពី ២១.៣០០នាក់ និងមនុស្សជាង ៥៥.៦០០នាក់ ផ្សេងទៀតបានរងរបួសចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាម ហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា មកនេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលមានមូលដ្ឋាននៅហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ)។

លោក អាស្រាហ្វ អាល់គុដ្រា (Ashraf Al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ២០ដងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២១០នាក់ និងរបួស ៣៦០នាក់ ។

ទីភ្នាក់ងារសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារនៅជិតមន្ទីរពេទ្យ អាល់អាម៉ាល (Al-Amal) ក្នុងទីក្រុង ខាន់យ៉ូនីស (Khan Yunis) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះបាននិយាយថា បញ្ហាប្រឈមរបស់ជនភៀសខ្លួនក្នុងតំបន់ហ៊ុមព័ទ្ធនេះបានឈានដល់កម្រិតមហន្តរាយដែលមិនអាចពិពណ៌នាបាន ដោយមានប្រជាជនជាង ១,៩លាននាក់ ដែលច្រើនជាង ៨៥ភាគរយនៃចំនួនប្រជាជនហ្កាហ្សា ពុំមានលទ្ធភាពប្រើប្រាស់ទឹក អាហារ និងថ្នាំពេទ្យនោះទេ ដោយតួលេខ ៥០ភាគរយនៃអ្នកទាំងនោះគឺជាកុមារ៕