ប្រទេសអេហ្ស៊ីប បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ចេញនូវសំណើក្របខ័ណ្ឌមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរួមមានបីដំណាក់កាលដែលបញ្ចប់ដោយបទឈប់បាញ់ ហើយបាននិយាយថា ខ្លួនកំពុងរង់ចាំការឆ្លើយតបលើផែនការនេះ។

លោក Diaa Rashwan ប្រធានផ្នែកសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អេហ្ស៊ីប នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការនេះ នៅពេលដែលការឆ្លើយតបទាំងនោះ ត្រូវបានទទួល។

លោក បានបន្តថា សំណើនេះ គឺជាការតស៊ូពុះពារមួយ «ដើម្បីនាំយកទស្សនៈរវាងភាគីពាក់ព័ន្ធទាំងអស់ឲ្យ កាន់តែជិតស្និទ្ធគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបង្ហូរឈាមរបស់ប៉ាឡេស្ទីន និងការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប និងការស្តារសន្តិភាព និងស្ថិរភាព ក្នុងតំបន់»។
ប្រភពសន្តិសុខអេហ្ស៊ីប ធ្លាប់បាននិយាយថា សំណើនេះរួមមានបទឈប់បាញ់ច្រើនដំណាក់កាល ដែលពាក់ព័ន្ធនឹងការដោះលែងអ្នកទោសដោយអ៊ីស្រាអែល និងក្រុមហាម៉ាស។ ប្រភពអេហ្ស៊ីបមួយ បាននិយាយថា គំនិតនៃការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាម ក៏ត្រូវបានលើកឡើងដែរ។