បន្ទាប់ពីការធ្វើកូដកម្មអត់អាហាររយៈពេល ១១ ថ្ងៃ មេដឹកនាំឈានមុខក្នុងគណបក្សប្រឆាំងធំ របស់ប្រទេសស៊ែរប៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សុខភាពរបស់លោកស្រី កាន់តែចុះខ្សោយខ្លាំង ដែលរារាំងលោកស្រី មិនឱ្យចូលរួមជាមួយមនុស្សរាប់រយនាក់កំពុងតវ៉ាចំពោះលទ្ធផលការបោះឆ្នោត នៅក្នុងទីក្រុងបែលក្រាដ។

លោកស្រី Marinika Tepic មិនទទួលទានអាហារ រួមជាមួយសហការី៥នាក់ផ្សេងទៀត បន្ទាប់ពីការបោះឆ្នោតសភា និងការបោះឆ្នោតថ្នាក់តំបន់ កាលពីថ្ងៃទី ១៧ ខែធ្នូ ដើម្បីតវ៉ាប្រឆាំងទៅអ្វីដែលពួកគេនិយាយថាជាការបន្លំការបោះឆ្នោត។

ខណៈអ្នកគាំទ្រគណបក្សប្រឆាំង ធ្វើបាតុកម្មនៅខាងក្រៅអគារគណៈកម្មាធិការរៀបចំការបោះឆ្នោត លោកស្រី Tepic អាចស្តាប់ឮសំឡេងស្រែក ការអបអរសាទរ និងហ៊ោកញ្ជ្រៀវ ពីក្នុងបន្ទប់មួយនៅខាងក្នុងអគារ ដែលលោកស្រីបានជ្រើសរើសស្នាក់នៅ អំឡុងពេលធ្វើកូដកម្មបង្អត់អាហារ។
គណបក្សប្រឆាំងស៊ែរប៊ី ប្រឆាំងអំពើហឹង្សា ដែលឈរនៅលំដាប់ទីពីរក្នុងការបោះឆ្នោតសកលកាលពីដើមខែនេះ បានចោទប្រកាន់គណបក្សជឿនលឿនស៊ែប៊ី (SNS) ដ៏ពេញនិយមកំពុងកាន់អំណាច ពីបទក្លែងបន្លំសន្លឹកឆ្នោត ដែលអាជ្ញាធរបានបដិសេធ។
គណបក្សប្រឆាំង បានរៀបចំការតវ៉ាជារៀងរាល់ថ្ងៃ ជុំវិញលទ្ធផលការបោះឆ្នោត នៅខាងមុខគណៈកម្មការរៀបចំការបោះឆ្នោត ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ការតវ៉ាបានក្លាយជាអំពើហិង្សា ហើយមនុស្ស៣៨នាក់ ត្រូវបាននគរបាលចាប់ខ្លួន។