វ៉េណេហ្ស៊ុយអេឡា បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ធ្វើសមយុទ្ធយោធាជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូននាវាចម្បាំងទៅគាំទ្រប្រទេសជិតខាងហ្គីយ៉ាន។

ក្រុមមេដឹកនាំយោធា បាននិយាយថា ទាហាន ៥.៦០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ «ការពារ» នៅលើឆ្នេរសមុទ្រការ៉ាអ៊ីបភាគខាងកើត និងអាត្លង់ទិករបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។
កាលពីដើមខែនេះ អ្នកបោះឆ្នោតវ៉េណេហ្ស៊ុយអេឡា បានគាំទ្រការបង្កើតរដ្ឋថ្មីមួយនៅតំបន់ Essequibo ដែលសម្បូរដោយប្រេង។

ប្រទេសហ្គីយ៉ាន បានគ្រប់គ្រងតំបន់នេះ អស់ជាច្រើនទសវត្សរ៍មកហើយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) បាននិយាយថា សមយុទ្ធ កំពុងត្រូវបានចាប់ផ្តើម «ដើម្បីឆ្លើយតបទៅនឹងការញុះញង់ និងការគំរាមកំហែងរបស់ចក្រភពអង់គ្លេសប្រឆាំងនឹងសន្តិភាព និងអធិបតេយ្យភាពនៃប្រទេសរបស់យើង»។
លោកបានបន្ថែមថា វិធានការនេះ គឺ «ជាការគំរាមកំហែងផ្នែកយោធាជាក់ស្តែងពីទីក្រុងឡុងដ៍» និងបានបំពាន«ស្មារតី»នៃកិច្ចព្រមព្រៀងថ្មីៗនេះ ដែលសម្រេចបានរវាងប្រទេសវ៉េណេហ្ស៊ុយអេឡា និងហ្គីយ៉ាន មិនប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយជម្លោះរបស់ពួកគេទេ។