
អ្នកដំណើរនៅថ្ងៃឈប់សម្រាកចុងឆ្នាំនៅទូទាំងប្រទេសចិន កំពុងប្រឈមមុខនឹងលទ្ធភាពនៃការរំខានផ្នែកដឹកជញ្ជូន បន្ទាប់ពីការិយាល័យអាកាសធាតុនៅថ្ងៃសុក្រ (២៩ ធ្នូ) នេះបានព្រមានថាផ្សែងអ័ព្ទដ៏ក្រាស់នឹងគ្របដណ្តប់តំបន់ជាច្រើនរាប់ចាប់ពីខេត្ត ហឺប៉ី (Hebei) ភាគខាងជើងទៅទីក្រុងសៀងហៃ ភាគខាងត្បូងរយៈពេលជាង ២៤ម៉ោង។
ក្រុមសង្កេតការណ៍ឧតុនិយមកណ្តាលបានចេញការប្រកាសអាសន្នពណ៌ក្រហមជាលើកដំបូងរបស់ខ្លួនសម្រាប់អ័ព្ទចាប់តាំងពីឆ្នាំ២០១៧មក។ ស្ថានភាពត្រូវបានគេរំពឹងថានឹងប្រសើរឡើងចាប់ពីល្ងាចថ្ងៃសៅរ៍ ស្អែកនេះនៅពេលដែលរលកខ្យល់ត្រជាក់ត្រូវបានគេរំពឹងថានឹងបក់មកទូទាំងប្រទេស។
ជើងហោះហើរជាង ៦០០ជើងត្រូវបានពន្យារពេលនៅក្នុងទីក្រុងផ្សេងៗ រួមទាំងទីក្រុងអ៊ូរ៉ុមឈី (Urumqi) ទីក្រុងស៊ីជៀជ័ង (Shijiazhuang) របស់ខេត្ត ហឺប៉ី ទីក្រុងឈីងតាវ (Qingdao) របស់ខេត្តសានតុង (Shandong) និងក្រុងសៀងហៃ នេះបើយោងតាមកម្មវិធីតាមដានជើងហោះហើរ។
មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា អ័ព្ទក្រាស់ខ្លាំងត្រូវបានគេរំពឹងទុកនៅផ្នែកខ្លះនៃខេត្តភាគខាងជើង ហឺប៉ី ខេត្តភាគកណ្ដាល ហឺណាន (Henan) ខេត្តភាគខាងកើត អានហួយ (Anhui) ខេត្តជាំងស៊ូ (Jiangsu) ខេត្តជឺជាំង (Zhejiang) និងខេត្តសានតុង ព្រមទាំងនៅក្រុងសៀងហៃ និងក្រុង ចុងឈីង (Chongqing) ចាប់ពីព្រឹកថ្ងៃសុក្រនេះ៕