
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) បាននិយាយថា ការដាក់ពង្រាយនាវាចម្បាំងរបស់អង់គ្លេស ទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រប្រទេសហ្គីយ៉ាន បានរំលោភលើ «ស្មារតី» នៃកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង រវាងអាជ្ញាធរវេណេហ្ស៊ុយអេឡា និងហ្គីយ៉ាន។
កាលពីដើមខែនេះ ប្រទេសហ្គីយ៉ាន និងវេណេហ្ស៊ុយអេឡា បានឈានដល់ការព្រមព្រៀងគ្នា ដើម្បីបញ្ចៀសការប្រើប្រាស់កម្លាំង និងការកើនឡើងនូវភាពតានតឹង នៅក្នុងជម្លោះព្រំដែនដ៏យូរ នៅតំបន់ Essequibo ដែលសម្បូរដោយប្រេង។ តំបន់ Essequibo ដែលមានផ្ទៃក្រឡា ១៦០.០០០គីឡូម៉ែត្រការ៉េ ជាទូទៅត្រូវបានទទួលស្គាល់ថា ជាផ្នែកមួយនៃប្រទេសហ្គីយ៉ាន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វេណេហ្ស៊ុយអេឡាបានចាប់ផ្ដើមឡើងវិញនូវការទាមទាររបស់ខ្លួន ចំពោះតំបន់នេះ និងតំបន់ឈូងសមុទ្រផ្សេងទៀត បន្ទាប់ពីមានការរកឃើញនូវប្រេង និងឧស្ម័នសំខាន់ៗ។
កាលពីដើមខែនេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយមិនបាននិយាយដល់វេណេហ្ស៊ុយអេឡា ឬក៏ព្រំដែនមានជម្លោះ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា នាវាល្បាត HMS Trent របស់កងទ័ពជើងទឹក កំពុងធ្វើទស្សនកិច្ចនៅប្រទេសហ្គីយ៉ាន ដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេស និងជាអតីតប្រទេសក្រោមអាណានិគម ដែលជាផ្នែកមួយនៃការចូលរួមជាបន្តបន្ទាប់ នៅក្នុងតំបន់។
លោក Maduro បានបញ្ជាឲ្យ «ចាប់ផ្ដើមធ្វើឲ្យសកម្មនូវសកម្មភាពការពាររួមគ្នានៃកងកម្លាំងប្រដាប់អាវុធជាតិ Bolivarian» នៅឯតំបន់ឆ្នេរសមុទ្រ Essequibo ដោយលោកបាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋ ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមទេ។ ចំណែកក្រសួងការបរទេសរបស់វេណេហ្ស៊ុយអេឡា ក្នុងសេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា ប្រទេសរបស់ខ្លួន «ត្រៀមទុកនូវរាល់សកម្មភាពទាំងអស់ ក្នុងរង្វង់ក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពដែនសមុទ្រ និងបូរណភាពទឹកដីរបស់ខ្លួន»៕