ទូរទស្សន៍រដ្ឋប្រទេសស៊ីរី បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលថ្មី បានកំណត់គោលដៅជាយក្រុងរដ្ឋធានី ដាម៉ាស(Damascus) ប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានការឆ្លើយតបពីប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី។ កងទ័ពស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សត្រូវអ៊ីស្រាអែល» បានធ្វើការវាយប្រហារតាមអាកាស ពីទិសដៅតំបន់ Golan Heights របស់ស៊ីរី ដាក់គោលដៅលើចំណុចមួយចំនួន នៅក្នុងតំបន់ភាគខាងត្បូង ដែលមិនបានបញ្ជាក់លម្អិតអំពីទីតាំងគោលដៅនោះឡើយ។ សេចក្តីថ្លែងការណ៍និយាយថា កងកម្លាំងការពារដែនអាកាសស៊ីរី ស្ទាក់ចាប់បានមីស៊ីលភាគច្រើន។ យោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហារកាលពីលើកមុនរបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរី តាមសេចក្តីរាយការណ៍ថា បានដាក់គោលដៅលើទីតាំងយោធាដែលសង្ស័យ លើកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ក្បួនរថយន្តយោធា និងឃ្លាំងផ្ទុកអាវុធដែលតាមចោទប្រកាន់។ គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនលើគោលដៅប្រទេសស៊ីរី ស្របពេលជាមួយយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា។
អ៊ីស្រាអែល មានគោលនយោបាយយូរអង្វែង ក្នុងការរារាំងប្រទេសអ៊ីរ៉ង់ ពីការបង្កើតវត្តមានយោធានៅក្នុងប្រទេសស៊ីរី ដោយធ្វើការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត ដើម្បីបំផ្លាញការផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់ តាមអ្វីដែលត្រូវបានចោទប្រកាន់។ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី កាលពីល្ងាចថ្ងៃចន្ទ បានសម្លាប់លោក Seyyed Razi Mousavi ជាទីប្រឹក្សាដែលបម្រើការយូរបំផុតរបស់កងឆ្មាំបដិវត្តអ៊ីស្លាមនិយមអ៊ីរ៉ង់ (IRGC) នៅក្នុងប្រទេសស៊ីរី និងជាមនុស្សជិតស្និទ្ធរបស់មេបញ្ជាការកំពូលអ៊ីរ៉ង់ លោក Qassem Soleimani ដែលត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ ២០២០។