មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ក្នុងការប្រមូលផ្តុំទ្រង់ទ្រាយធំ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

ការថតពីលើអាកាស បានបង្ហាញ ក្រុមបាតុកររាប់ពាន់នាក់កំពុងស្ថិតនៅលើផ្លូវមួយ គ្រវីទង់ជាតិប៉ាឡេស្ទីន ដោយពួកគេមួយចំនួនកាន់អាវុធ ខណៈស្រែកពាក្យប្រឆាំងអ៊ីស្រាអែល និងប្រឆាំងសហរដ្ឋអាមេរិក។ការប្រមូលផ្តុំគ្នានេះ ក៏មានគោលបំណងបង្ហាញការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមហ៊ួទី ទៅលើនាវានៅសមុទ្រក្រហម។

ទីភ្នាក់ងារសារព័ត៌មាន Anadolu រាយការណ៍ថា ប្រជាជនយេម៉ែនរាប់ពាន់នាក់កាលពីថ្ងៃសុក្របានចូលរួមក្នុងការប្រមូលផ្តុំទ្រង់ទ្រាយធំក្នុងការគាំទ្រតំបន់ហ្កាហ្សាដែលកំពុងប្រឈមមុខនឹងការវាយលុកដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល។
ការប្រមូលផ្តុំគ្នានេះ ត្រូវបានអំពាវនាវដោយក្រុមហ៊ួទី នៅក្នុងទីក្រុង និងតំបន់នានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមនេះ ក្រោមប្រធានបទ «នៅជាមួយអ្នករហូតដល់មានជ័យជំនះ និង អាមេរិកនឹងមិនបញ្ឈប់យើងបានទេ។
សេចក្តីថ្លែងការណ៍មួយដោយក្រុមហ៊ួទី ត្រូវបានអានក្នុងអំឡុងពេលការប្រមូលផ្តុំគ្នា ដែលសង្កត់ធ្ងន់ពីការបន្តការប្រមូលផ្តុំកាន់តែច្រើនដើម្បីគាំទ្រតំបន់ហ្កាហ្សា។ សេចក្តីថ្លែងការណ៍ ក៏បានជំរុញឱ្យប្រជាជននៅទូទាំងពិភពលោក ធ្វើឱ្យសកម្មអាវុធពហិការសេដ្ឋកិច្ចប្រឆាំងទៅនឹងផលិតផលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងក្រុមហ៊ុនទាំងអស់ដែលគាំទ្រពួកគេ។
ក្រុមហ៊ួទី បានបញ្ជាក់ពីការបន្តប្រតិបត្តិការកងទ័ពជើងទឹករបស់ខ្លួនទៅលើនាវាអ៊ីស្រាអែល ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល រហូតដល់ការបិទច្រកនៅតំបន់ហ្កាហ្សាត្រូវបានដកចេញ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីការបង្កើតបេសកកម្មចម្រុះជាតិសាសន៍មួយឈ្មោះថាប្រតិបត្តិការការពារវិបុលភាព (Operation Prosperity Guardian) ដើម្បីប្រឆាំងការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។