ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានអញ្ជើញចែកអំណោយជូនគ្រួសារក្រីក្រ និងគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្ស នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសមាគមយុវជនក្រុម៨។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស បង្កើតការងារ និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផល មានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវាពិនិត្យព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាងបួនទសវត្សរ៍កន្លងមក ដែលស្នាដៃដ៏ឧត្ដុង្គឧត្ដមនេះ ត្រូវបានបន្តវេនថែរក្សា និងដឹកនាំអភិវឌ្ឍន៍ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍពេញលេញជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដម្ភសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។
អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
១.អង្ករ១បាវ ៥០គីឡូក្រាម
២.ត្រីខ១យួរ
៣.មីជាតិ១កេស
៤.ទឹកត្រី១យួរ
៥.ទឹកស៊ីអ៊ីវ១យួរ
៦.ស្ករស១កញ្ចប់
៧.អំបិល១កញ្ចប់
៨.ប៊ីចេង១កញ្ចប់
៩.ប្រេងឆា១ដប
១០.ក្រម៉ា១
១១.សារ៉ុង១ និង
១២.ខ្មៅដៃនិងបណ្តូលខ្មៅដៃ១ប្រអប់។ ចំពោះអំណោយចែកជូនគ្រូបង្រៀន ៦នាក់ រួមមាន៖ ប៊ិច៥ដើម សៀវភៅ៥ក្បាល ដបទឹក១ កាបូបយួរ១ នឹងថវិកា១០ម៉ឺនរៀល ក្នុងម្នាក់ៗ។ ចំពោះសិស្សានុសិស្ស ៨២នាក់ ម្នាក់ៗទទួលបាន ខ្មៅដៃ៥ដើម បណ្តូលខ្មៅដៃ៥បន្ទះ ប៊ិច៥ដើម សៀវភៅ១ក្បាល និងកាបូបប៊ិច១៕