ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសស៊ែរប៊ី បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងបែលក្រាដ កាលពីថ្ងៃសៅរ៍ (៣០ ធ្នូ) សម្រាប់ការតវ៉ាទាមទារឱ្យការបោះឆ្នោតនៅដើមខែនេះត្រូវលុបចោល ហើយការបោះឆ្នោតថ្មីត្រូវបានប្រារព្ធឡើងដោយសារតែការចោទប្រកាន់របស់ពួកគេថា គណបក្សកាន់អំណាចឈ្នះដោយការក្លែងបន្លំ។

មេដឹកនាំគណបក្សប្រឆាំងម្នាក់ លោកស្រី ម៉ារីនីកា ទេពីក (Marinika Tepic) ត្រូវបានមេដឹកនាំផ្សេងទៀតជួយគ្រាឡើងលើឆាក ដោយសារតែសុខភាពរបស់លោកស្រីកាន់តែអាក្រក់ ក្រោយពីបានធ្វើកូដកម្មអត់អាហារបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែធ្នូ។
លោកស្រី ទេពីក បាននិយាយយ៉ាងខ្លីទៅកាន់ហ្វូងមនុស្សថា ការបោះឆ្នោតគួរតែត្រូវបានលុបចោល មុនពេលការតវ៉ាចាប់ផ្តើមដើរពាសពេញរដ្ឋធានីប្រទេសនេះ។

សម្ព័ន្ធប្រឆាំងអំពើហឹង្សារបស់ស៊ែរប៊ី ដែលបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលកាលពីដើមខែនេះ បានចោទប្រកាន់គណបក្សជឿនលឿនស៊ែរប៊ី (SNS) ដែលកំពុងកាន់អំណាចថាបានក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ ជាការចោទប្រកាន់មួយដែលក្រុមអាជ្ញាធរបដិសេធ៕
