សៀមរាប៖ អតីតជាតំបន់សង្គ្រាមនៅភ្នំគូលែន ខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរកម្សាន្តដ៏ល្អប្រណិត សម្រាប់អ្នកទេសចរចូលចិត្ដទស្សនាបែបធម្មជាតិ ជាពិសេសក្នុងថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៣ឈានចូលឆ្នាំ២០២៤នេះ។ តំបន់ទេសចរណ៍នេះ មានឈ្មោះថា ស្ពានពស់អូរមានជ័យ ស្ថិតនៅជើងភ្នំគូលែន ស្រុកស្វាយលើ ដែលមានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប ។

លោក យ៉ាត សាយ័ន អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ស្ពានពស់ អូរមានជ័យ មានប្រសាសន៍ថា តំបន់ទេសចរណ៍នេះ បានបង្ហាញសម្រស់ធម្មជាតិ ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅសម្រស់ជើងភ្នំគូលែន មានខ្យល់អាកាសល្អបរិសុទ្ធ សម្រាប់ក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញរបស់អ្នកទេសចរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ក៍ដូចជាការដើរកំសាន្ដអ្នកទេសចរដែលស្រលាញ់បែបទេសចរណ៍ធម្មជាតិ។

លោកបន្ដថា នៅតំបន់នេះ អតីតជាតំបន់សង្គ្រាម ប៉ុន្ដែដោយសារប្រទេសជាតិមានសុខសន្ដិភាព លោកបានអភិវឌ្ឍន៍ឱ្យទៅជាតំបន់ទេសចរណ៍ដ៍ប្រណិត ដោយមានកន្លែងបោះតង់ ភោជនីយដ្ឋាន ការជិះកង់លើស្ពានពស់ ថតរូបព្រីវីឌីង អមទៅដោយធម្មជាតិស្រស់បំព្រង ជាពិសេសនៅរដូវវស្សា ដែលអាចមើលឃើញដល់ទិដ្ឋភាពខៀវស្រង៉ាត់នៃជើងភ្នំគូលែន។ ជាមួយគ្នានេះ ការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញនេះ ដើម្បីបង្កើតឱ្យកាសការងារដល់ប្រជាពលរដ្ឋ មានប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសបង្កើតដើម្បីឱ្យអ្នកទេសចរដែលចូលចិត្ដបែបធម្មជាតិទៅកំសាន្ដសប្បាយមិនថាថ្ងៃបុណ្យឬថ្ងៃឈប់សំរាកថ្ងៃសៅរ៍ថ្ងៃអាទិត្យនោះទេ។

លោក យ៉ាត សាយ័ន ជាអ្នកគ្រប់គ្រង បានលើកឡើងថា សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនេះ តំបន់ទេសចរណ៍ស្ពានពស់អូរមានជ័យ មានភ្ញៀវទេសចរជាច្រើនបានទំនាក់ទំនងមកកក់បន្ទប់ស្នាក់នៅ និងកក់ម្ហូបអាហារ សម្រាប់ជួបជុំកម្សាន្ត ប្រកបដោយភាពសុខសាន្ដ មានសុខសន្ដិភាព ។ លោកបន្ដថា ស្រុកស្វាយលើ ខេត្ដសៀមរាប មានអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើន កន្លែង ដោយអ្នកទេសចរអាចទៅទស្សនានៅស្ពានពស់ ប្រាសាទបឹងមាលា ភ្នំគូលែន ប្រាសាទកោះកេរ និងទីកន្លែងជាច្រើនទៀត ដែលអាចធ្វើដំណើរតាមផ្លូវជាតិលេខ៦៤ តភ្ជាប់ពីផ្លូវជាតិលេខ៦ត្រង់ចំណុចស្រុកសូទ្រនិគមខេត្ដសៀមរាប៕





