អង្គភាពសេនាតេជោ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ជាទិវាជាតិផ្លូវការមួយទៀតនៅកម្ពុជា ដោយអនុញ្ញាតឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ។

នាយទាហាន នាយទាហានរង នៃអង្គភាពសេនាតេជោ និងក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះសូមប្រកាសគាំទ្រចំពោះអនុក្រឹត្យដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យថែរក្សាការពារសន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈការសម្រេចនេះគឺជាសារជាប្រវត្តិសាស្ត្រមួយទៀត ដើម្បីជំរុញ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យចងចាំជានិច្ចចំពោះសន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជារកបានដោយ នយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក។ ទន្ទឹមនឹងនេះ «ការរៀបចំឲ្យមានទិវាសន្តិភាពនៅកម្ពុជានេះ គឺពិតជាល្អបំផុតសម្រាប់កម្ពុជាទាំងមូល ពីព្រោះថាវាជាការរំឮកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងបច្ចុប្បន្ន និងអនាគត ឲ្យចងចាំជានិច្ចអំពីទុក្ខលំបាកវេទនា របស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឲ្យមានការដឹងគុណ និងស្គាល់ច្បាស់ «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេសការចូលរួមការពារ និងថែរក្សាឲ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលរកបានដោយកម្រនេះ»។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល «ទិវាសន្តិភាពនៅកម្ពុជា»នេះ ត្រូវបានកំណត់ជាថ្ងៃឈប់ សម្រាកជាសាធារណៈ ហើយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឲ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្សជារៀងរហូតផងដែរ។

ជាមួយគ្នានោះដែរ អង្គភាពសេនាតេជោ ក៏ដូចជាក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ ក៏បានប្រកាសប្តេជ្ញាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យខានតែបានផងដែរ ហើយក៏បានប្រកាសថ្លែងអំណរអគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពកម្ពុជា និងជាមគ្គុទេសក៍ឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំឲ្យកម្ពុជាមានភាពរីកចម្រើន និងរុងរឿងរហូតដល់សព្វថ្ងៃនេះ។

គួររំលឹកផងដែរថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩មក កម្ពុជាបានឆ្លងកាត់នូវបរិបទ ស្ថិតនៅក្នុងស្ថានការណ៍សន្តិភាពតាមកាលវេលា សន្តិភាពទៅតាមតំបន់ សន្តិភាព និងស្ថិរភាពទៅតាមដំណាក់កាល ពុំទាន់បានទទួលសន្តិភាពពេញលេញនោះទេ។ រហូតមកដល់ថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានសម្រេចបាននូវសន្តិភាពពេញលេញ និងជាស្ថាពរតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបានបង្កលក្ខណៈឲ្យ កម្ពុជាយើងទាំងមូលមានការអភិវឌ្ឍប្រទេសរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ បាន ចក់

