នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពី ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ហើយ បណ្តាក្រុមយុវជន និងនិស្សិតច្បាប់ បានថ្លែងគាំទ្រចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជានេះជារៀងរាល់ឆ្នាំដើម្បីឲ្យពលរដ្ឋខ្មែរ ស្រឡាញ់សន្តិភាព និងចងចាំចំពោះសន្តិភាព និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។

ក្រុមយុវជន និងនិស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែមករានេះថា ការរៀបចំឲ្យមានការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា២៩ ធ្នូ ជារៀងរាល់ឆ្នាំនៅកម្ពុជា នឹងជំរុញពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ រួមគ្នាស្រឡាញ់សន្តិភាព មិនបង្ក សង្គ្រាម ហើយនឹងជំរុញការកម្ពុជា បន្តការអភិវឌ្ឍ រីកចម្រើនបន្តទៀត។
បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល «ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ» នេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកជាសាធារណៈ ហើយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឲ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្សជារៀងរហូតផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃកម្ពុជា សម្រេចបាននូវសន្តិភាពពេញលេញ និងជាស្ថាពរតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបានបង្កលក្ខណៈឲ្យកម្ពុជាទាំងមូលមានការអភិវឌ្ឍប្រទេសរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ ស៊ុម សុខជា




