
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី២ ខែមករា) បាននិយាយថា ប្រទេសចិនបានអំពាវនាវឲ្យប្រទេសហូឡង់គោរពច្បាប់ លក្ខខណ្ឌអាជីវកម្ម និងស្ថិរភាពនៃទីផ្សាររបស់ខ្លួន និងចិន។
នៅឯសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ អ្នកនាំពាក្យរូបនេះកំពុងឆ្លើយតបទៅនឹងសំណួរមួយអំពីប្រទេសអ៊ឺរ៉ុបមួយនេះ ដែលដកហូតផ្នែកខ្លះនូវអាជ្ញាប័ណ្ណនាំចេញរបស់ក្រុមហ៊ុនផលិតបន្ទះឈីប ASML សម្រាប់ការដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបមួយចំនួនទៅកាន់ប្រទេសចិន។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Veldhoven របស់ប្រទេសហូឡង់ បានឲ្យដឹងថា ការនាំចេញ ក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធថតចម្លងមួយចំនួន ដែលប្រើប្រាស់ឡាស៊ែរ ដើម្បីជួយបង្កើតប្រព័ន្ធអគ្គិសនីបន្ទះឈីប។
ជាមួយគ្នានេះ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនមិនរំពឹងថា ការដកហូត ឬការរឹតបន្តឹងលើការត្រួតពិនិត្យនូវការនាំចេញចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក នឹងមានឥទ្ធិពលខ្លាំងលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ នោះឡើយ៕