
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya នៅថ្ងៃអង្គារ (ទី២ ខែមករា) បាននិយាយថា នគរបាលទួរគី បានឃុំខ្លួនមនុស្ស ៣៣នាក់ ដែលត្រូវបានសង្ស័យថា បានធ្វើចារកម្មឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល និងថា បានកំណត់គោលដៅលើជនបរទេស ដែលរស់នៅក្នុងប្រទេសទួរគី។
លោក Yerlikaya បានប្រាប់ថា នគរបាលបានវាយឆ្មក់ចូលទីតាំងចំនួន ៥៧កន្លែង នៅក្នុងខេត្តចំនួន៨ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតមួយឈ្មោះ «Operation Mole» (ប្រតិបត្តិការតាមរកចារកម្ម) ដែលបានចាប់ផ្តើមដោយការិយាល័យប្រឆាំងភេរវកម្មរបស់រដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ូល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MIT។
លោករដ្ឋមន្ត្រីបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ជនសង្ស័យត្រូវបានគេជឿថា មានគោលបំណង ដើម្បីកំណត់អត្តសញ្ញាណ តាមដាន វាយប្រហារ និងចាប់ជំរិតជនបរទេស ដែលរស់នៅក្នុងប្រទេសទួរគី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា អាជ្ញាធរកំពុងតាមស្វែងរកមនុស្ស ១៣នាក់ផ្សេងទៀត។
កាលពីខែមុន មន្ត្រីទួរគីបានព្រមានអ៊ីស្រាអែលអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើខ្លួននៅតែព្យាយាមតាមប្រមាញ់សមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលរស់នៅក្រៅទឹកដីប៉ាឡេស្ទីន ក្នុងនោះរួមទាំងនៅក្នុងប្រទេសទួរគីផងដែរ។ ប្រធានាធិបតីលោក Tayyip Erdogan បានព្រមានថា ការធ្វើបែបនោះ នឹងជាកំហុសដ៏ធំមួយ៕