មន្ត្រីការពារជាតិអាមេរិកបីនាក់ និងមន្ត្រីម្នាក់ទៀតដែលដឹងពីកិច្ចព្រមព្រៀងនេះបានប្រាប់ CNN ថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដោយសម្ងាត់ដែលត្រូវពង្រីកវត្តមានយោធារបស់ខ្លួននៅឯមូលដ្ឋានដ៏ធំមួយក្នុងប្រទេសកាតាសម្រាប់រយៈពេល ១០ ឆ្នាំទៀត ។

កិច្ចព្រមព្រៀង ដែលមិនត្រូវបានប្រកាសជាសាធារណៈ បង្ហាញពីការពឹងផ្អែករបស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសឈូងសមុទ្រតូចមួយនេះ ដែលថ្មីៗនេះបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលការដោះលែងចំណាប់ថ្នូរជនជាតិអាមេរិកពីការជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា និងវេណេហ្ស៊ុយអេឡា។

មូលដ្ឋានទ័ពអាកាស អេអាយ យូដេដ (Al Udeid) ដែលមានទីតាំងនៅវាលខ្សាច់ភាគនិរតីនៃទីក្រុង ដូហា(Doha) ប្រទេសកាតា គឺជាការដំឡើងសាច់ដុំយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយអាចផ្ទុកទាហានអាមេរិកជាង១ម៉ឺននាក់។រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពអា អាយ យូដែដ (Al Udeid)កាលពីខែមុន ជាទីដែលលោកបានថ្លែងអំណរគុណដល់ប្រទេសកាតា សម្រាប់ការបង្កើនការចំណាយរបស់ពួកគេលើមូលដ្ឋានទ័ពនេះ។

ប៉ុន្តែលោកពុំបាននិយាយអំពីការបន្តឡើងវិញនោះទេ ហើយរដ្ឋបាល លោកBiden ពុំបានផ្សព្វផ្សាយជាសាធារណៈដែរ នៅពេលប្រទេសកាតា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងសម្រាប់ការធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស។ ក្រុមមន្ត្រីកាតាបានប្រឆាំងថា នោះគ្រាន់តែជាសំណើរបស់សហរដ្ឋអាមេរិកក្នុងអំឡុងរដ្ឋបាលលោកអតីតប្រធានាធិបតី អូបាម៉ា ប៉ុណ្ណោះដែលក្រុមហាម៉ាស ត្រូវបានអនុញ្ញាតឱ្យបើកការិយាល័យនយោបាយនៅទីក្រុងដូហា។
មូលដ្ឋាននេះជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការផ្លូវអាកាសរបស់ទីបញ្ជាការកណ្តាលអាមេរិកក្នុងឬជុំវិញប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងទូទាំងមជ្ឈិមបូព៌ា។ កងទ័ពអាកាសកាតា និងអង់គ្លេសក៏ប្រតិបត្តិការពីមូលដ្ឋាននោះដែរ។
ការពង្រីកឥទ្ធិពលយោធានេះ កើតឡើងនៅពេលសហរដ្ឋអាមេរិកបានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន៕