រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា មានកំណើនជើងហោះហើរអន្តរជាតិងើបឡើងវិញបានប្រមាណ ៥០% បើប្រៀបធៀបចំនួនជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិសរុប នៅឆ្នាំ២០១៩ មុនពេលមិនទាន់មានវិបត្តិកូវីដ១៩។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះថា កំណើនជើងហោះហើរ ចាប់ពីក្រោយវិបត្តិកូវីដ១៩នេះពីមួយខែទៅមួយខែ គឺមានកំណើនការហោះហើរក្នុងរង្វង់ ៥% និងចំនួនអ្នកដំណើរគឺមានកំណើនប្រមាណជាង ១០% ហើយកំណើនជើងហោះហើរ ឆ្នាំ២០២៣ កើន៤៥% ប្រៀបធៀបឆ្នាំ២០២២។
ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ គឺមានក្រុមហ៊ុនអាកាសចរណអន្តរជាតិ បើកជើងហោះហើរពីបណ្តាប្រទេសនានា មកកាន់រាជធានីភ្នំពេញគឺមានកំណើនប្រមាណ៨៧% ក្នុងនោះមានក្រុមហ៊ុនបើកជើងហោះហើរចំនួន២៨ក្រុមហ៊ុន មានកំណើនជើងហោះហើរក្នុងមួយថ្ងៃមួយៗមានរង្វង់១២០ជើង និងមានអ្នកដំណើរអន្តរប្រមាណ ១៤០០នាក់ ខណៈឆ្នាំ២០១៩ គឺមានចំនួនហោះហើរប្រមាណ២៧០ជើង និងមានអ្នកដំណើរប្រមាណ១៦០០នាក់ក្នុងមួយថ្ងៃ។

ដោយឡែកសម្រាប់អាកាសយន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ដែលទើបនឹងចាប់ផ្តើមបើកដំណើរការនៅពេលថ្មីនេះ នៅក្នុងឆ្នាំ២០២៣ គឺចំនួនជើងហោះហើរបានងើបឡើងវិញបានប្រមាណជាង៤០% ក្នុងនោះមានក្រុមហ៊ុន បើកជើងហោះហើរចំនួន១០ក្រុមហ៊ុន មានជើងហោះហើរសរុបជិត៥០ជើងក្នុងមួយថ្ងៃៗ និងមានអ្នកដំណើរប្រមាណ៤៥០០នាក់ក្នុងមួយថ្ងៃៗ ខណៈកាលពីឆ្នាំ២០១៩ គឺមានក្រុមហ៊ុនបើកជើងហោះហើរចំនួន៤០ក្រុមហ៊ុន មានជើងហោះហើរចំនួន១០០ជើង និងមានអ្នកដំណើរប្រមាណជាង១០០០០នាក់ក្នុងមួយថ្ងៃ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្តថា ដោយឡែកសម្រាប់តែអាកាសយានដ្ឋានអន្តរជាតិកងកេង នៅខេត្តព្រះសីហនុ គឺបានងើបឡើងវិញបានប្រមាណតែរង្វង់២ជើងក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ ស៊ុម សុខជា
