ប្រទេសរុស្ស៊ី បានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (០២ មករា) នៅក្នុងរលកថ្មីនៃការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៥នាក់ និងបានជំរុញឱ្យមានការអំពាវនាវឱ្យលោកខាងលិចផ្តល់ជំនួយយោធាបន្ថែមទៀតយ៉ាងឆាប់រហ័ស។

ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា មនុស្ស ១៣៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនចុងក្រោយបង្អស់ រួមទាំងមនុស្ស ៦១នាក់ផ្សេងទៀតនៅក្នុង និងជុំវិញទីក្រុងខាកូវ (Kharkov) ដែលជាទីក្រុងទីពីររបស់អ៊ុយក្រែននៅភាគឦសាន និងមនុស្ស ១៧នាក់នៅក្នុងនិងជុំវិញរដ្ឋធានី គីវ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ល្ងាច ខណៈដែលការវាយលុកនេះក៏បណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលផងដែរ។

រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មី ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃចន្ទថាការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនទៅលើទីក្រុងប៊ែលហ្កូរ៉ូត (Belgorod) របស់រុស្ស៊ី ដែលទីក្រុងមូស្គូបាននិយាយថាបានសម្លាប់ជនស៊ីវិល ២៥នាក់នោះ នឹង «មិនត្រូវបានអត់ឱនឲ្យនោះទេ»។
លោក ហ៊្សេឡិនស្គី នៅក្នុងវីដេអូនៅពេលយប់របស់ខ្លួន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលជិត ៣០០គ្រាប់ និងយានដ្រូនជាង ២០០គ្រឿងក្នុងការវាយប្រហារក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ហើយការវាយប្រហារនេះមានគោលបំណងបង្កឱ្យមានការបំផ្លិចបំផ្លាញជាអតិបរមានៅក្នុងប្រទេសអ៊ុយក្រែន៕