ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលបានកើនឡើងដល់ ៦២នាក់នៅថ្ងៃពុធនេះ ខណៈអាជ្ញាធរប្រញាប់ប្រញាល់នាំយកជំនួយទៅដល់អ្នកនៅរស់រានមានជីវិត ដែលប្រឈមនឹងសីតុណ្ហភាពត្រជាក់ និងការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំង សម្រាប់ថ្ងៃបន្ទាប់នេះ។

រញ្ជួយដីកម្រិតបឋម ៧,៦ រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Noto កាលពីរសៀលថ្ងៃច័ន្ទ បណ្តាលឲ្យលំនៅឋានជាច្រើនខ្នងរងការបំផ្លាញ និងកាត់ផ្តាច់ទៅជាតំបន់ដាច់ស្រយាលពីការផ្តល់ជំនួយដែលត្រូវការច្រើន។
អាជ្ញាធរ និយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍នៅក្នុងតំបន់រងគ្រោះរញ្ជួយដីនៅថ្ងៃពុធនេះ ដែលបង្កើនការព្រួយបារម្ភពីបំណាក់ដី ជាអ្វីដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយសង្គ្រោះមនុស្សជាច្រើនទៀតដែលជាប់នៅក្រោមគំនរបាក់បែក។ ផ្លូវជាច្រើនដែលត្រូវបានកាត់ផ្តាច់ ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញ និងទីតាំងដាច់ស្រយាល នៅតំបន់រងគ្រោះខ្លាំងបំផុត បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ ហើយទំហំពេញលេញនៃការបំផ្លាញ និងអ្នកស្លាប់ឬរងរបួស នៅតែពុំទាន់ច្បាស់នៅឡើយ រយៈពេលពីរថ្ងៃបន្ទាប់ពីរញ្ជួយដី។

អភិបាលក្រុង លោក Masuhiro Izumiya បាននិយាយថា នៅក្នុងក្រុង Suzu ជាទីប្រជុំជនមានគ្រួសារត្រឹមតែជាង ៥.០០០គ្រួសារ នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី អាជ្ញាធរមិនអាចឆ្លើយតបទៅនឹងការហៅទូរស័ព្ទសុំជំនួយចំនួន៧២លើក ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយនៅថ្ងៃពុធនេះថា វាមានរយៈពេលជាង៤០ម៉ោងហើយចាប់តាំងពីការរញ្ជួយដីដំបូង។ នេះគឺជាពេលធ្វើការដោយមិនឈប់សម្រាក ហើយលោកជឿថា ពេលនេះគឺជាពេលវេលាដ៏សំខាន់នៅក្នុងការជួយសង្គ្រោះ។
លោក Kishida និយាយថា រដ្ឋាភិបាលបានបើកផ្លូវសមុទ្រដើម្បីដឹកជញ្ជូនជំនួយ ហើយរថយន្តដឹកទំនិញធំៗមួយចំនួន ពេលនេះអាចទៅដល់តំបន់រងគ្រោះខ្លាំងបំផុត។