
យន្តហោះត្រូវបានគេមើលឃើញយោលពេលចុះចុលើផ្លូវរត់ស្ថិតក្នុងអកាសយានដ្ឋាន Heathrow របស់ទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលមានការព្រមានពីក្រុមអាជ្ញាធរឧតុនិយមពាក់ព័ន្ធនឹងខ្យល់បក់ខ្លាំង បង្កឡើងដោយសារព្យុះ Henk ។
រូបភាពវីដេអូឃ្លីបពីប៉ុស្តិ៍ទូរទស្សន៍ Big Jet របស់ YouTube ឃើញយន្តហោះដឹកអ្នកដំណើរមកពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើន យោលដូចទោង ពេលវាចុះចតក្នុងស្ថានភាពខ្យល់បក់ខ្លាំង ។
ការិយាល័យឧតុនិយមជាតិ Met Office របស់ចក្រភពអង់គ្លេស បានរាយការណ៍ពីសន្ទុះខ្យល់បក់ ១១១គ.មក្នុង១ម៉ោង កាលពីវេលាម៉ោង ១៦-១៧ ម៉ោងសកល គឺរយៈពេល ១ម៉ោងពេលយន្តហោះមកដល់។
Met Office បានចេញការព្រមានពីអាកាសធាតុកម្រិតពណ៌លឿងទុំដ៏ធ្ងន់ធ្ងរផងដែរ ដែលជាកម្រិតធ្ងន់ធ្ងរខ្លាំងបំផុតលំដាប់ទី ២ បន្ទាប់ពីកម្រិតពណ៌ក្រហម តាមតំបន់មួយចំនួននៅភាគខាងត្បូងចក្រភពអង់គ្លេស ចាប់ពីវេលាម៉ោង ១០ ដល់ម៉ោង ២០ ម៉ោងសកលថ្ងៃអង្គារ ។
គួរឲ្យដឹងថា ការចុះចតជួបឧបសគ្គស្រដៀងគ្នានេះដែរ បានកើតមានផងដែរនៅតំបន់ភាគអាគ្នេយ៍អៀរឡង់ និងតំបន់ភាគកណ្តាលឈៀងខាងលិចចក្រភពអង់គ្លេស អំឡុងថ្ងៃបុណ្យណូអែលកន្លងទៅ ៕