
កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសសូម៉ាលី បានច្រានចោលទាំងស្រុងកិច្ចព្រមព្រៀងដែលតំបន់ផ្តាច់ខ្លួន Somaliland របស់ពួកគេ ចុះហត្ថលេខាជាមួយប្រទេសអេត្យូពី ដែលអនុញ្ញាតឲ្យប្រើប្រាស់កំពង់ផែធំ ចូលសមុទ្រក្រហមជាការដោះដូរនឹងការទទួលស្គាល់ថាខ្លួនគឺជារដ្ឋឯករាជ្យ ដោយពួកគេអះអាងថា កិច្ចព្រមព្រៀងមួយនេះចាត់ទុកជាមោឃៈ ។
ក្រោយកិច្ចប្រជុំបន្ទាន់របស់គណៈរដ្ឋមន្រ្តី ប្រធានាធិបតីសូម៉ាលីលោក Hassan Sheikh Mohamud និយាយនៅក្នុងសភាថា គ្មាននរណាម្នាក់មានអំណាចកាត់ចំណែកដីណាមួយរបស់សូម៉ាលីឲ្យគេទទេបាននោះទេ ដោយលោកបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសអេត្យូពី និងតំបន់ Somaliland គឺជាការជ្រៀតជ្រែកដោយបើកចំហរមកលើអធិបតេយ្យភាព សេរីភាព និងឯកភាពរបស់សូម៉ាលី ហើយវាទុកជាមោឃៈ ។
សូម៉ាលី ដែលចាត់ទុកតំបន់ Somaliland ថាជាដែនដីរបស់ខ្លួននោះ បានកោះហៅផងដែរឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអេត្យូពី សម្រាប់ការសម្រេចលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed និងមេដឹកនំាតំបន់ Somaliland លោក Muse Bihi Abdi កាលពីថ្ងៃចន្ទ ។
ដោយឡែក រដ្ឋមន្រ្តីមហាផ្ទៃតំបន់ Somaliland លោក Mohamed Kahin និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា តំបន់ Somaliland លែងអាចទទួលយកគោលជំហរធ្វើឡើងដោយប្រទេសសូម៉ាលីបានទៀតហើយលើកិច្ចព្រមព្រៀងជាមួយប្រទេសអេត្យូពី ដោយលោកបន្តថា ពួកយើងបានសុំឲ្យសូម៉ាលី ធ្វើការសុំទោសចំពោះការប្រកាសសិទ្ធិរបស់ពួកគេថា តំបន់ Somaliland គឺជាផ្នែកមួយរបស់សូម៉ាលី ៕