អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលលើ (Matthew Miller) បាននិយាយកាលពីថ្ងៃពុធ (០៣ មករា) ថាសហរដ្ឋអាមេរិក មិនបានសង្កេតឃើញសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ដែលបង្កើតបានជាអំពើប្រល័យពូជសាសន៍នោះទេ បន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូងបានបើកដំណើរការនីតិវិធីអំពើប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

លោក មីលលើ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «ទាំងនោះគឺជាការចោទប្រកាន់ដែលមិនគួរត្រូវបានមើលស្រាលនោះទេ។ យើងមិនបានឃើញសកម្មភាពណាមួយដែលបង្កើតជាការប្រល័យពូជសាសន៍ឡើយ ហើយនេះគឺជាការកំណត់ដោយក្រសួងការបរទេស»។

អ្នកនាំពាក្យរូបនេះត្រូវបានគេសាកសួរអំពីសំណើរបស់អាហ្រ្វិកខាងត្បូង កាលពីថ្ងៃអង្គារ ដែលតុលាការពិភពលោកមួយនេះចេញដីកាបន្ទាន់មួយដោយប្រកាសថាអ៊ីស្រាអែល បានបំពានលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។ លោក មីលលើ បាននិយាយថាខ្លួនមិនមានការវាយតម្លៃណាមួយដើម្បីចែករំលែកថាតើឧក្រិដ្ឋកម្មសង្រ្គាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តនៅហ្កាហ្សានោះទេ។

អ៊ីស្រាអែលបានហៅបណ្ដឹងប្រល័យពូជសាសន៍នេះថា «គ្មានមូលដ្ឋាន» ច្បាស់លាស់ហើយនិយាយថាក្រុមហាម៉ាស កំពុងប្រើប្រជាជនប៉ាឡេស្ទីនជាខែលការពារខ្លួន និងលួចជំនួយពីជនរងគ្រោះទាំងនោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នេះ៕