ប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃពុធ បានប្រកាសពីការដោះដូរឈ្លើយសឹកសង្គ្រាមលើកដំបូង របស់ពួកគេ ក្នុងរយៈពេលជិត ៥ខែមកនេះ ដោយភាគីម្ខាងៗមានឈ្លើយសឹកជាង ២០០នាក់ ត្រូវដោះលែង បន្ទាប់ពីអ្វីដែលទីក្រុងមូស្គូ បាននិយាយថា ជាការចរចាដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងការសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួម។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា បុគ្គលិកយោធាចំនួន ២៤៨ នាក់ ត្រូវបានប្រគល់ឲ្យដោយភាគីអ៊ុយក្រែន។ ទីក្រុងគីវ បាននិយាយថា ខ្លួនបាននាំមនុស្សត្រឡប់មកប្រទេសវិញចំនួន ២៣០ នាក់ ក្នុងនោះមានទាហាន ២២៤ នាក់ និងជនស៊ីវិល ៦ នាក់ ជាអ្វីដែលខ្លួនបាននិយាយថា ជាការដោះដូរទាហានដែលមានឯកសារច្រើនបំផុតរហូតមកដល់ពេលនេះ។

មជ្ឈមណ្ឌលសម្របសម្រួលឈ្លើយសឹកសង្គ្រាម របស់អ៊ុយក្រែន ក៏បានទទួលស្គាល់ភ្លាមៗអំពីតួនាទីរបស់ប្រទេសអារ៉ាប់រួម ក្នុងការដោះដូរនេះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
ទោះបីជាមិនមានការសន្ទនាណាមួយ អំពីរបៀបបញ្ចប់សង្រ្គាមរយៈពេល ២២ ខែក៏ដោយ ទីក្រុងគីវ និងទីក្រុងមូស្គូ បានធ្វើការដោះដូរឈ្លើយសឹកជាច្រើននាក់ ចាប់តាំងពីដើមខែដំបូងនៃការវាយលុករបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។