អ្នកដំណើររាប់ពាន់នាក់ បានជាប់គាំងដំណើរនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃពុធ បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នាកាលពីថ្ងៃអង្គារ នៅលើផ្លូវរត់របស់យន្តហោះ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅអាកាសយានដ្ឋាន Haneda នៅម៉ោងប្រហែល ១៧:៤៧នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ។

មនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយប្រធានក្រុមម្នាក់នៅរស់រានមានជីវិត ប៉ុន្តែបានរងរបួសធ្ងន់។ បន្ទាប់ពីបុកគ្នា យន្តហោះទាំងពីរគ្រឿងបានឆាបឆេះនៅលើផ្លូវរត់ មានផ្សែងយ៉ាងសន្ធោសន្ធៅ ខណៈយន្តហោះដឹកអ្នកដំណើរធុនធំ ក៏បានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។
មនុស្ស ៣៧៩នាក់ នៅលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ជាប្រភេទយន្តហោះ Airbus A-350 អាចត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ទោះបីជាមានមនុស្ស ១៤ នាក់បានរងរបួសក៏ដោយ។
ឧបទ្ទវហេតុយន្តហោះនេះ បានបង្ខំឱ្យអាកាសយានដ្ឋានបិទផ្លូវរត់ទាំងអស់អស់ជាច្រើនម៉ោងកាលពីល្ងាចថ្ងៃអង្គារ ដែលនាំឱ្យមានការលុបចោលជើងហោះហើរចំនួន ២២៦ជើង ទៅនិងមកពីអាកាសយានដ្ឋាន Haneda ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៤០.០០០នាក់។ ទោះបីជាមានការបើកផ្លូវរត់ចំនួនបីខ្សែរឡើងវិញកាលពីថ្ងៃពុធក៏ដោយ ក៏ជើងហោះហើរប្រហែល ១០០ជើង នៅតែត្រូវបានគេរំពឹងថាត្រូវលុបចោល ដែលប៉ះពាល់ដល់ផែនការធ្វើដំណើររបស់អ្នកដំណើរប្រហែល ១៩.០០០នាក់។
យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឲ្យដឹងថា ជើងហោះហើរដឹកអ្នកដំណើរបណ្តោះអាសន្ន និងសេវាកម្មរថភ្លើង ត្រូវបានដាក់បន្ថែម ដើម្បីកាត់បន្ថយការអាក់ខានក្នុងការធ្វើដំណើរ ដែលបណ្តាលមកពីឧបទ្ទវហេតុនេះ។ គណៈកម្មការធិការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានចាប់ផ្តើមការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។