
នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចខិតខំជួយសង្រ្គោះនៅក្នុងប្រទេសជប៉ុន ត្រូវបានបង្កើននៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលការបញ្ចប់រយៈពេលរស់រាន ៧២ម៉ោងជិតមកដល់ សម្រាប់ការរញ្ជួយដីនៅថ្ងៃបុណ្យចូលឆ្នាំសកល ដែលបណ្តាលឲ្យមនុស្សយ៉ាងហោច ៧៧នាក់ បាត់បង់អាយុជីវិត ។
យោងតាមការអះអាងរបស់ក្រុមអ្នកឆ្លើយតបសង្រ្គោះបន្ទាន់ បានឲ្យដឹងថា អត្រារស់រានបានធ្លាក់មកនៅ ៧២ម៉ោង ក្រោយការរញ្ជួយដី ។
លោក Kishida និយាយថា មនុស្សយ៉ាងច្រើន ត្រូវបានគេមានជំនឿថានៅជាប់ខ្លួនក្រោមគំនរបាក់បែកអគារ ហើយអ្វីៗគ្រប់បែបយ៉ាង ត្រូវបានធ្វើដើម្បីទៅដល់មនុស្សយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ។
លោកថា ចំនួនបុគ្គលិកកងកម្លាំងស្វ័យការពារដែលកំពុងធ្វើការនៅតាមតំបន់រងផលប៉ះពាល់ ស្ថិតនៅខេត្តភាគ កណ្តាល Ishikawa ប្រទេសជប៉ុន នឹងកើនឡើងជាងទ្វេដងរហូតដល់ចំនួន ៤.៦០០នាក់ គិតត្រឹមថ្ងៃទី ៤ ខែមករានេះ ដើម្បីជួយដល់ការងារជួយសង្រ្គោះ និងផ្តល់ជំនួយ ស្របពេលដែលក្រុមអ្នករស់រាន និងសេចក្តីរាយការណ៍របស់សារព័ត៌មានបង្ហាញពីកង្វះខាតគ្រឿងផ្គត់ផ្គង់មូលដ្ឋាន ដែលរួមទាំងទឹកផឹកផងដែរ ។
ផ្លូវរងការខូចខាតធ្ងន់ធ្ងរ ហើយទីតាំងដាច់ស្រយាលនៃតំបន់រងផលប៉ះពាល់ខ្លាំងបំផុតដោយសារការរញ្ជួយដី បានធ្វើឲ្យកិច្ចខិតខំជួយសង្រ្គោះកាន់តែស្មុគស្មាញខ្លាំង ។ ចំណែកឯរលករញ្ជួយជិត ៦០០លើក បានវាយប្រហារឧបទ្វីប Noto ចាប់តាំងពីការរញ្ជួយដីកើតឡើង ៕