
យុទ្ធនាការនិមិត្តរូបសារព័ត៌មាន(PEC) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានប្រកាសកាលពីថ្ងៃពុធថា អ្នកសារព័ត៌មានច្រើននាក់បំផុតត្រូវបានសម្លាប់កាលពីឆ្នាំកន្លងទៅនេះ ដែលធ្វើឲ្យឆ្នាំ ២០២៣ ក្លាយជាឆ្នាំមានអ្នកស្លាប់ច្រើនបំផុតក្នុងទសវត្សរ៍នេះ សម្រាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមយុទ្ធនាការនិមិត្តរូបសារព័ត៌មាន(PEC)បានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន ១៤០នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៣។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ៩០នាក់នៅមជ្ឈិមបូព៌ា បន្ទាប់មក ២០ នាក់នៅអាមេរិកឡាទីន ១២នាក់នៅអាស៊ី ១១នាក់នៅអាហ្វ្រិក ៤នាក់នៅអឺរ៉ុប និង៣នាក់នៅអាមេរិកខាងជើង។
យុទ្ធនាការនិមិត្តរូបសារព័ត៌មាន(PEC) បាននិយាយថា នៅតំបន់ហ្កាហ្សាក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣ ជាមធ្យមអ្នកសារព័ត៌មានម្នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ហើយយ៉ាងហោចណាស់៨១នាក់ បានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។
លោក Blaise Lempen ប្រធានយុទ្ធនាការនិមិត្តរូបសារព័ត៌មាន(PEC) បាននិយាយថា យើងថ្កោលទោសចំពោះការវាយប្រហារមិនរើសអើងទាំងនេះ។
ដោយបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០០៤ ដោយក្រុមអ្នកសារព័ត៌មានអន្តរជាតិ យុទ្ធនាការនិមិត្តរូបសារព័ត៌មាន(PEC) គឺជាអង្គការមិនមែនរដ្ឋាភិបាល។ គោលបំណងរបស់អង្គការនេះ គឺដើម្បីពង្រឹងការការពារផ្នែកច្បាប់ និងសុវត្ថិភាព សម្រាប់អ្នកសារព័ត៌មាននៅក្នុងតំបន់មានជម្លោះ តំបន់ដែលមានភាពចលាចលស៊ីវិល ឬនៅក្នុងបេសកកម្មប្រកបដោយគ្រោះថ្នាក់។