
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បានរាយការណ៍ថា រដ្ឋាភិបាលយោធាសហភាពមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៩.៦៥២នាក់ ក្នុងនោះរួមទាំងជនបរទេស ១១៤នាក់ផងដែរ ក្រោមការលើកលែងទោសមួយ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានដណ្តើម អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្លាស់ប្តូរបទពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍ និងបានប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅ ដើម្បីកម្ចាត់ការតវ៉ា។
រដ្ឋាភិបាលយោធាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសខ្លីមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ដោយមានចេតនារក្សាទំនាក់ទំនង ជាមួយប្រទេសផ្សេងទៀត និងលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន១១៤នាក់ នឹងត្រូវបានលើកលែងទោស។ ពួកគេនឹងត្រូវនិរទេស»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេស Yangon ក្រុមមនុស្សបានប្រមូលផ្តុំគ្នា នៅខាងក្រៅពន្ធនាគារ Insein ដើម្បីរង់ចាំអ្នកទោស ដែលត្រូវបានដោះលែង។
ក្នុងចំណោមអ្នកដែលកំពុងជាប់ពន្ធនាគារនោះ គឺមានម្ចាស់ជ័យលាភីណូបែលលោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ដែលត្រូវបានតុលាការឧទ្ធរណ៍កាត់ទោសឲ្យជាប់ពន្ធនាគារបន្ថែមទៀតរហូតដល់ ២៧ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទល្មើសជាច្រើន ដោយរាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ តែលោកស្រី បដិសេធរាល់ការចោទប្រកាន់ទាំងអស់។
ចំណែករបបយោធាលើកឡើងម្ដងហើយម្ដងទៀតថា លោកស្រីត្រូវបានដំណើរការយ៉ាងត្រឹមត្រូវដោយតុលាការឯករាជ្យ។ ជាធម្មតា អាជ្ញាធរនឹងដោះលែងអ្នកទោសមួយចំនួន ដើម្បីអបអរថ្ងៃពិសេស ដែលសហភាពមីយ៉ាន់ម៉ាបានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស៕