ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រសួងអធិការកិច្ច មានតួនាទីត្រួតពិនិត្យ លើគ្រប់វិស័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្ការទប់ស្កាត់ និងមានវិធានការផ្សេងៗដើម្បីប្រឆាំងនឹងអំពើពុករលួយ និងការរំលោភដោយអំណាចជាដើម។
ថ្លែងនៅក្នុងកម្មវិធី«អធិការកិច្ចក្នុងបរិបទកំណែទម្រង់» នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រសួងអធិការកិច្ចទទួលបេសកកម្មពីរាជរដ្ឋាភិ បាលក្នុងការតាមដាន ការអនុវត្តច្បាប់ ការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធទាំងអស់ ដែលកំពុងនៅជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា កិច្ចការងារទាំងបី ដូចការងារអធិការកិច្ច, ការងារតាម ដានអនុវត្តច្បាប់ និងការងារទទួលពាក្យបណ្តឹង និងស៊ើបអង្កេតស្រាវជ្រាវនោះ គឺដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធ សាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលប្រកាសដាក់ចេញឲ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហួត ហាក់ក៏បានលើកឡើងអំពីទស្សនវិស័យជាក់លាក់របស់ក្រសួង ផងដែរ ដោយក្នុងនោះឯកឧត្តមអះអាងថា ទី១ក្រសួងអធិការកិច្ចគឺជាភ្នែក និងត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។ ទី២អធិការកិច្ចដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នាឆ្ពោះទៅកាន់អភិ បាលកិច្ចល្អ។ ទី៣ការដឹកនាំត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺគ្មានការដឹកនាំ។ និងទី៤គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឲ្យការត្រួតពិនិត្យបានឡើយ។
ឯកឧត្តមបានលើកឡើងផងដែរថា ទស្សនវិស័យជាក់លាក់ទាំងបួនខាងលើនេះ គឺត្រូវបានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានរំលឹក និងរំលេចរាល់កម្មវិធីទាំងអស់ប្រាប់ដល់មន្រ្តីក្នុង ជូររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យយកចិត្តទុកដាក់លើបញ្ហាទាំងអស់នេះ៕ អត្ថបទ ៖ បាន ចក់






