រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) បានគូសបញ្ជាក់អំពីដំណាក់កាលថ្មីនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា ដោយជាវិធីសាស្រ្តដែលកំណត់គោលដៅកាន់តែច្រើននៅភាគខាងជើង និងការបន្តស្វែងរកបណ្ដាមេដឹកនាំក្រុមហាម៉ាស នៅភាគខាងត្បូង ខណៈដែលអ៊ីស្រាអែល ស្វះស្វែងរកការដោះលែងចំណាប់ថ្នូរនៅសេសសល់ ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស។

ដោយស្ថិតក្រោមសម្ពាធអន្តរជាតិទាមទារឲ្យផ្លាស់ប្តូរទៅរកប្រតិបត្តិការប្រយុទ្ធដែលមិនសូវខ្លាំងក្លា និងស្របពេលជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច អ៊ីស្រាអែលបាននិងកំពុងដកកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យក្រុមបម្រុងរាប់ពាន់នាក់ត្រឡប់ទៅធ្វើការវិញ។

លោក ហ្កាឡាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនៅភាគខាងជើងនឹងរួមបញ្ចូលការវាយឆ្មក់ ការរុះរើផ្លូវរូងក្រោមដី ការវាយប្រហារតាមផ្លូវអាកាស និងថ្មើរជើង ព្រមទាំងប្រតិបត្តិការកងកម្លាំងពិសេស។

លោក ហ្កាឡាន់ បានបន្ថែមថា បន្ទាប់ពីសង្រ្គាមរួច ក្រុមហាម៉ាសនឹងមិនគ្រប់គ្រងតំបន់ហ្កាហ្សាទៀតទេ ហើយតំបន់ហ៊ុមព័ទ្ធនេះនឹងត្រូវគ្រប់គ្រងដោយស្ថាប័នប៉ាឡេស្ទីន ដរាបណាគ្មានការគំរាមកំហែងដល់អ៊ីស្រាអែល។
នៅតំបន់ភាគខាងត្បូង ជាទីដែលភាគច្រើននៃប្រជាជន ២,៣លាននាក់នៅហ្កាហ្សាឥឡូវនេះកំពុងរស់នៅក្នុងតង់ និងទីជម្រកបណ្តោះអាសន្នផ្សេងទៀត អ៊ីស្រអែលនឹងផ្តោតសំខាន់លើការលុបបំបាត់មេដឹកនាំក្រុមហាម៉ាស និងការជួយសង្គ្រោះចំណាប់ថ្នូរអ៊ីស្រាអែលប្រហែល ១៣០នាក់ដែលនៅសេសសល់ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា៕