អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការវិឌ្ឍន៍ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានផ្តល់ទៅឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីក និងជើងទម្របាញ់មីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងប្រទេសអ៊ុយក្រែន ដែលមួយចំនួនរុស្ស៊ី បានបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

លោក Kirby បានចាត់ទុកការផ្ទេរសព្វាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីថាជា ការសំខាន់ និង កើនឡើងការព្រួយបារម្ភ និងបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមលើអ្នកទាំងឡាយណាដែលសម្របសម្រួលកិច្ចព្រមព្រៀងសព្វាវុធ។
លោក Kirby និយាយថា ព័ត៌មានរបស់យើង បង្ហាញថា ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានផ្តល់ទៅឱ្យរុស្ស៊ីនូវជើងទម្របាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់។
លោកបាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់ យ៉ាងហោចណាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងមួយគ្រាប់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយ វាទំនងជាបានធ្លាក់នៅទីវាល។
លោក Kirby បាននិយាយថា ប្រទេសអ៊ីរ៉ង់ ពុំបានបញ្ជូនមីស៊ីលបាលីស្ទីករយៈចម្ងាយជិតទៅកាន់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា រុស្ស៊ីមានបំណងទិញប្រព័ន្ធមីស៊ីលពីប្រទេសអ៊ីរ៉ង់។ ទីក្រុងមូស្គូ បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់សម្រាប់យានដ្រូន និងសព្វាវុធផ្សេងទៀតដើម្បីប្រើប្រាស់ប្រឆាំងប្រទេសអ៊ុយក្រែន។
រុស្ស៊ី បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតមួយចំនួនទៅលើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិតពីរឆ្នាំកន្លងទៅនេះ។ ទីក្រុងគីវ កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីបានបង្ហោះយានដ្រូនវាយប្រហារ និងបាញ់មីស៊ីលជាង ៣០០ គ្រាប់ នៅតាមទីក្រុងនានាឆ្លងកាត់ប្រទេសអ៊ុយក្រែន។