នៅពេលដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រឈមមុខនឹងស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង និងអស្ថិរភាពនៅមជ្ឈិមបូព៌ា រដ្ឋមន្រ្តីក្រសួងការបរទេសលោក អាន់តូនី ប្លីងខិន (Antony Blinken) កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ាម្ដងទៀតនៅចុងសប្តាហ៍នេះជាលើកទីបួនក្នុងរយៈពេល ៣ខែក្នុងដំណើរទស្សនកិច្ចដែលរំពឹងថានឹងផ្តោតជាសំខាន់លើការបន្ធូរបន្ថយការភ័យខ្លាចឡើងវិញដែលថាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អាចផ្ទុះឡើងជាជម្លោះកាន់តែទូលំទូលាយ។

លោក Blinken ចេញដំណើរកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (០៤ មករា) ក្នុងដំណើរទស្សនកិច្ចមជ្ឈឹមបូព៌ាចុងក្រោយបង្អស់របស់ខ្លួន ដែលនឹងនាំលោកទៅកាន់ប្រទេសទួរគី ក្រិក ហ្ស៊កដានី កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល ដែនដីវេសបែង និងអេហ្ស៊ីប។

អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលលើ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា ក្រៅពីអាទិភាពជាក់លាក់នៃតំបន់ហ្កាហ្សា ដែលលោកប្លីងខិន នឹងនាំយកទៅកាន់អ៊ីស្រាអែល ដោយរួមទាំងការជំរុញឱ្យមានកំណើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា ការផ្លាស់ប្តូរឆ្ពោះទៅរកប្រតិបត្តិការយោធាមិនសូវខ្លាំងក្លា និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងអំពើហឹង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ វេស បែង ដែលកាន់កាប់ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វ រដ្ឋមន្រ្តីការបរទេសរូបនេះក៏នឹងស្វែងរកជំនួយក្នុងតំបន់ដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ហើយនិងទប់ស្កាត់ជម្លោះពីការរីករាលដាល។

ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងជាមួយនឹងការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា មករដ្ឋបាលលោកបៃដិន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរីករាលដាលនៅក្នុងជម្លោះដ៏តានតឹងនេះ៕