
មានរយៈពេលជិត ៣ឆ្នាំហើយ បន្ទាប់ពីក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ បានវាយប្រហារវិមាន Capitol (កាពីតូល) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដោយការស៊ើបអង្កេតឧក្រិដ្ឋកម្ម ចំពោះព្រឹត្តិការណ៍នាថ្ងៃនោះ បានបន្តដំណើរការ។
បណ្ដារដ្ឋអាជ្ញាបានហៅការស៊ើបអង្កេតកុប្បកម្មនេះថា ជាករណីធំជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រសួងយុត្តិធម៌ ហើយគ្មានការងឿងឆ្ងល់នោះទេថា ការស៊ើបអង្កេតនេះធំធេងដោយសារត្រូវប្រើវិធានការយ៉ាងច្រើន។
ខណៈពេលដែលសំណុំរឿងមួយចំនួន បានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងក្រុមស្តាំនិយម ដូចជាកងជីវពល Proud Boys និង Oath Keepers ការកាត់ទោសភាគច្រើនបានរំលងទៅដោយមិនមានការកត់សម្គាល់ ដោយប្រព្រឹត្តទៅក្នុងសវនាការស្ងាត់ៗ ដែលជារឿយៗចូលរួមដោយតែជនជាប់ចោទ និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះ។
សំណុំរឿងកុបកម្មភាគច្រើនជាង ៧១០ករណី ត្រូវបានដោះស្រាយដោយគ្មានការកាត់ក្តី តាមរយៈការផ្ដល់ចម្លើយពីភាពមានទោស។ តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ក្រសួងយុត្តិធម៌ កាលពីខែធ្នូ មនុស្សប្រហែល ១៧០នាក់ បានឡើងសវនការ នៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន នៅចំពោះមុខគណៈវិនិច្ឆ័យ ឬត្រឹមតែជាចៅក្រម ដោយភាគច្រើននាំឲ្យមានការផ្ដន្ទាទោស។
ចំពោះការដាក់ទណ្ឌកម្ម មនុស្សជាង ៤៥០នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ឬជាប់ពន្ធនាគារ ដែលមានទោសរយៈពេលវែងបំផុតរហូតដល់ ២២ឆ្នាំ ដោយត្រូវបានអនុវត្តលើលោក Enrique Tarrio អតីតមេដឹកនាំក្រុម Proud Boys។ មនុស្សមួយចំនួន ដែលមិនមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម ប៉ុន្តែដែលបានវាយដំនគរបាលនៅក្នុងអ្វី ដែលក្រុមមន្រ្តីបានពិពណ៌នាថា ជាការប្រយុទ្ធ «មជ្ឈិមសម័យ» នៅខាងក្រៅវិមានកាពីតូល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយទសវត្សរ៍ ឬយូរជាងនេះ៕